(ត្បូងឃ្មុំ)៖ លោក មាស​ សុភា​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសលើកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ​ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ​ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសួរសុខទុក្ខ​ ជាមួយមន្ត្រីបុគ្គលិកកងឯកភាពកម្ចាត់មីនទី៥ ក្នុងខេត្តត្បូងឃ្មុំ ដែលកំពុងធ្វើសកម្មភាពបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគីរី។

លោក កែវ សារ៉ាត់ ប្រធានកងឯកភាពកម្ចាត់មីនទី៥ នៅខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កងឯកភាពនេះ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ ហើយបាននឹងកំពុងប្រតិបត្តិការរុករកគ្រាប់មីន នៅក្នុងតំបន់គ្រប់គ្រងរបស់អង្គភាពខ្លួន។

លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៧ រហូតមកដល់ឆ្នាំ២០១៨នេះ កងឯកភាពកម្ចាត់មីនទី៥ បានបោសសម្អាតមីន លើផ្ទៃដីចំការមីនចំនួន ១៤,៤៧៨,៣៦០ម៉ែត្រការ៉េ, បោសសម្អាតចំការគ្រាប់បានចំនួន ១០៩,០៦៣,០១៦ម៉ែត្រការ៉េ, កម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សបានចំនួន២៧៤៥គ្រាប់, កម្ទេចចោលគ្រាប់មីនប្រឆាំងរថក្រោះបានចំនួន ៥៣គ្រាប់, កម្ទេចចោលយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ១៥២,៨៧៤គ្រាប់។ ក្នុងនោះមានគ្រាប់ទម្លាក់ពីលើយន្តហោះចំនួន ១១៣គ្រាប់ ប្រភេទ M117 ចំនួន៥គ្រាប់, MK82=៩៣គ្រាប់ និង MK81=១៥គ្រាប់។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបានទទួលបន្ទុក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងថា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកងកម្លាំង CMAC រុករកឃើញក្នុងខេត្តទាំង៧នេះភាគច្រើន ជាគ្រាប់ប្រភេទ MK117, MK82 និង MK81 ដែលបន្សល់ពីសម័យសង្គ្រាមអាមេរិកនៅកម្ពុជា វៀតណាម និងឡាវ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ច អំពីសុខទុក្ខនិងការរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។

លោកក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកដោះមីនទាំងអស់ ដែលបានខិតខំប្រឹងប្រែងរំដោះគ្រាប់មីន ចេញពីផ្ទៃដីស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី បានជំរុញដល់បុគ្គលិកដោះមីនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ដោះមីនឲ្យអស់ទៅតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅឆ្នាំ២០២៥ ខាងមុខនេះ៕