(ភ្នំពេញ)៖ កម្លាំងនគរបាលបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោ​ធិ៍សែនជ័យ បានបញ្ជូនខ្លួនស្រ្តីម្នាក់ជាមេតុងទីន ដែលបានបោកគ្រាប់បែករត់ចោលកូនតុងទីន ដែលក្រុមអាជីវករផ្សារឯករាជ្យ១ និងអាជីវករផ្សារកាណាឌីយ៉ា ជិត៥០០នាក់ ស​រុបជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ រួចបានវិចបង្វិចរត់គេចអស់រយៈពេល​ជាង៥ខែ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ ដែលទៅយកព័ត៌មាននៅទីតាំងនោះ ក៏បានឲ្យដឹងថា នៅពេលដែលបញ្ជូនស្រ្តីជាមេតុងទីនខាងលើ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែស្ដ្រីរូបនេះបានបោះពាក្យសម្ដីទៅកាន់កូនតុងទីនថា «សុខចិត្តយកលុយ ៤ ទៅ៥ម៉ឹនដុល្លារ ទៅបុកនៅតុលាការវិញ ក៏មិនសងដែរ»

សូមរលឹកថា ស្រ្ដីរូបនេះ ត្រូវបានកម្លាំងនគរបាលបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោ​ធិ៍សែនជ័យ ឃាត់ខ្លួនកាលពីទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្សារកាណាស៉ីធី ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយមានពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាកូនតុងទីន។

ក្រុមអាជីវករដែលជាជនរងគ្រោះ បានឲ្យដឹងថា ស្រ្តីដែលជាមេតុងទី​នបោកខាងលើឈ្មោះ ឆេង សារ៉ា អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រា​ជធានីភ្នំពេញ។

កូនតុងទីនបាន បានរៀបរាប់ថា ស្ត្រីដែលជាមេតុងទីនខាងលើ ធ្លាប់រកស៊ីបោះដុំឥវ៉ាន់ចាប់ហួយ នៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា​ រហូតបានស្គាល់គ្នាជិតឌិត ក៏បាននាំគ្នាលេងតុងទីន ចាប់ពីក្បាល២ម៉ឺនរៀល ដល់ក្បាល១០០ដុល្លារ ចំនួនអ្នកលេងតុងទីជិត៥០០នាក់ អ្នកខ្លះលេង៣ក្បាល និង៨ក្បា​ល។ ពួកគាត់មានអ្នកមា​នអ្នកខ្លះលេងរយៈពេល៦ឆ្នាំ ខ្លះ៣ឆ្នាំ និងខ្លះ​ទៀត២ឆ្នាំ ហើយក្នុងម្នាក់ៗអ្នកខ្លះបង់តិចបំផុតជាង១,០០០ដុល្លា រីឯខ្លះទៀតរហូតដល់ទៅជាង៣ម៉ឺនដុល្លារក៏មាន។

ប្រភពពី​កូនតុងទីន បានឲ្យដឹងបន្តទៀតថា ជាបន្តប​ន្ទាប់រយៈពេលជាង៦ឆ្នាំមកនេះ ស្រ្តីជាមេតុងទីន​ខាងលើ បានលេងជាមួយកូនតុងទីនយ៉ាងល្អប្រសើរ តែគិតត្រឹមរយៈពេលជាង៥ខែមកនេះ មេតុងទីន​បានព្យាយាមមិនឲ្យកូនតុងទីនផ្សេងៗដេញយក តុងទីនដែលងាប់នោះឡើយ​ ហើយប្រុង​រត់ចោលកូនតុង​ទីនទាំងអស់ ដោយគេចវេសមិនខ្ចីលើកទូរស័ព្ទនោះឡើយ និងរត់គេចខ្លួនបាត់តែម្តង អស់រយៈពេលជិត៦ខែមកហើយ ទើបកូនតុងទីនទាំងអស់នោះ​បានដឹងថា មេ​កំពុងតែវិចបង្វិចរត់គេចខ្លួននោះ ក៏បានរត់មកដាក់ពាក្យបណ្តឹង នៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ​ដើម្បីជួយអន្តរាគមន៍​ តែចៃដន្យក្រុមកូនតុងទីន បានជួបស្រ្តីជាមេតុងទីននោះនៅក្នុងផ្សារកាណាស៊ីធី ទើបនាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់៕​​