(ស្វាយរៀង)៖ អង្គកឋិនទានដែលផ្តួចផ្តើមដោយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដង្ហែទៅកាន់វត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី) នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយប្រមូលបច្ច័យសម្រាប់កសាងសមទ្ធិផលនានា ក្នុងវត្តបានចំនួន២៨៥លានរៀល។

អង្គកឋិនទាននេះតំណាងដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី ពៅ សុភាព អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងមន្ត្រីរាជការជុំវិញខេត្ត ចូលរួមយ៉ាងច្រើនកុះករ ផងដែរ។

បុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើម ធ្វើបន្ទាប់ពីបុណ្យចេញវស្សាបុណ្យ​កឋិន ​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់​ ពុំមានទំនេរវត្ដណាមួយ ត្រូវ​បាន​ខក​ខាន​ឡើយ ​ដូច្នេះ​គេតែងតែឃើញ ក្បួន​កឋិន​ទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកក្តិក ហើយបើទីអារាមណាមួយ មិន​មាន​កឋិន​ណាមួយហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។

ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយទេយ្យទានផ្សេងៗទៀត ដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ បើវត្ត នៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់៕