(ភ្នំពេញ)៖ សមាគមគ្រូពេទ្យបេះដូងកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានរៀបចំសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៥របស់ខ្លួន គឺដើម្បីពិភាក្សា និងដុះខាត់ចំណេះដឹងសមត្ថភាព របស់ក្រុមគ្រូពេទ្យរបស់កម្ពុជា ក្នុងគោលបំណងមួយ គឺធ្វើយ៉ាងណាឲ្យអ្នកជំងឺមានសុខភាពល្អ និងប្រកបទៅដោយវិជ្ជាជីវៈផងដែរ។

សន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៥ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីលោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យ សុខ ជួ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា។

នាឱកាសនោះ សាស្ត្រាចារ្យ សុខ ជួ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានលើកឡើងថា «គោលបំណង នៃការបង្កើតកម្មវិធីសន្និសីទវេជ្ជសាស្ត្រ ប្រចាំឆ្នាំលើកទី៥ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជានេះ គឺធ្វើយ៉ាងណាដើម្បីប្រមូលផ្តុំ ក្រុមគ្រូពេទ្យដែលមានវិជ្ជាជីវៈ និងជាពិសេសគ្រូពេទ្យឯកទេសបេះដូង មកចែករំលែកបទពិសោធន៍គ្នា រួមនឹងការពិភាក្សាគ្នាស្វែងរកការរីកចម្រើន និងដើម្បីដុះខាត់ចំណេះដឹង និងគោលបំណងតែមួយ គឺបង្កើតសមត្ថភាពរបស់ក្រុមគ្រូពេទ្យរបស់កម្ពុជាយើង នូវបច្ចេកទេសក្នុងការព្យាបាល និងថែទាំអ្នកជំងឺ»

លោកបន្ថែមថា គោលបំណងនាថ្ងៃអនាគតរបស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា គឺពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យទាំងអស់ ក្នុងប្រទេសកម្ពុជា ឲ្យបានខ្ពង់ខ្ពស់ស្មើនឹងគ្រូពេទ្យក្នុងតំបន់ និងឆាកអន្តរជាតិ និងដើម្បីធ្វើយ៉ាងណាក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ មានសមត្ថភាព និងមានវិជ្ជាជីរៈគ្រប់គ្រាន់ ក្នុងការបំពេញតួនាទីជាគ្រូពេទ្យដ៏ល្អ សម្រាប់អ្នកជំងឺមកព្យាបាលទាំងអស់។

លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា និងអំពាវនាវដល់ក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យនេះ បន្តការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។

លោកសាស្ត្រាចារ្យ សុខ ជួ បានបញ្ជក់បន្ថែមថា សមាជិកគ្រូពេទ្យបេះដូងអាស៊ាន ត្រូវបង្កើតឡើងក្នុងឆ្នាំ១៩៧៥ ហើយកម្ពុជាមានចូលជាសមាជិកពេញសិទ្ធិ និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ព្រោះយើងមានសំឡេងឆ្នោតមួយដូចនឹងប្រទេសដទៃដែរ ហើយសមាគមមួយនេះ (សមាគមគ្រូពេទ្យបេះដូងកម្ពុជា) បានកា្លយជាសមាជិក​ពេញសិទ្ធិ នៃសមាគមគ្រូពេទ្យបេះដូងអាស៊ីប៉ាស៊ីហ្វិច នៅឆ្នាំ២០១៥ផងដែរ ហើយនាពេលថ្មីៗ នៅក្នុងឆ្នាំ២០១៨នេះ សមាគមដែលមានការគាំទ្រពីក្រុមគ្រូពេទ្យជាច្រើននៅកម្ពុជានេះ ត្រូវបានសមាគមគ្រូពេទ្យបេះដូងពិភពលោក ទទួលស្គាល់ជាសមាជិកពេញសិទ្ធផងដែរ៕