(ភ្នំពេញ)៖ ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា ស៊ីហ្គេម-SEA Games លើកទី៣០ ឆ្នាំ២០១៩ ត្រូវបានប្រកាសកាលបរិច្ឆេទរៀបចំហើយ ដោយគ្រោងប្រារព្ធធ្វើឡើង នាចុងឆ្នាំ ពោលគឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ។នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោយចូលរួមកិច្ចប្រជុំគណៈកម្មការស៊ីហ្គេម នៅហ្វីលីពីន កាលពីពេលថ្មីៗ ។

ជុំវិញការកំណត់ពេលប្រកួតស៊ីហ្គេមចុងឆ្នាំនេះ ត្រូវបានលោក វ៉ាត់ ចំរើន មើលឃើញទាំងផលចំណេញ និងក្ដីបារម្ភសម្រាប់កម្ពុជា ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានអះអាងថា «ការប្រកួតស៊ីហ្គេមចុងឆ្នាំ គឺបង្កលក្ខណៈងាយស្រួលដល់សហព័ន្ធកីឡាជាតិយើង ដើម្បីត្រៀមលក្ខណៈក្នុងការហ្វឹកហាត់ឲ្យបានល្អប្រសើរជាងស៊ីហ្គេមមុនៗ តែយើងក៏ត្រូវគិតដែលថា វាអាចជាពេលវេលាផុតការប្រមូលផ្ដុំក្រុមជម្រើសជាតិ ហេតុនេះតើយើងត្រូវរៀបចំយុទ្ធសាស្ដ្រដូចម្ដេច ដើម្បីរក្សាការហ្វឹកហាត់ និងសមត្ថភាពឲ្យបានខ្លាំង»

លោកបន្ដថា «យើងមានពេលវេលាគ្រប់គ្រាន់ ដើម្បីហ្វឹកហាត់ តែពេលផុតការប្រមូលផ្ដុំ យើងត្រូវរៀបចំផែនការហ្វឹកហាត់ឲ្យបានទៀងទាត់ ព្រោះកីឡាមិនអាចហាត់ខ្លាំង ហើយសម្រាក ១ខែ ឬ ២ខែ ទៅប្រកួតនោះទេ ពិសេសគឺកីឡាប្រយុទ្ធតែម្ដង» ។ យ៉ាងណាមិញអគ្គលេខាធិការ NOCC ដដែល បានបង្ហាញនូវជំនឿចិត្តខ្ពស់លើសហព័ន្ធកីឡាជាតិ ក្នុងការរៀបចំខ្លួនឲ្យបានល្អ ដើម្បីប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ទាំងប្រភេទកីឡាធ្លាប់ដណ្ដើមបានមេដាយ និងមិនទាន់ដណ្ដើមមេដាយពីព្រឹត្តិការណ៍ប្រចាំតំបន់នេះក្ដី ។

ដោយឡែកចំពោះប្រភេទកីឡា ត្រូវដាក់ធ្វើឲ្យការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅទីក្រុង Capas ទើបតែឆ្លងកាត់ការសម្រេចលើកទី១ ដោយមានចំនួន ៥២ប្រភេទ ប៉ុន្ដែរង់ចាំលទ្ធផលចុងក្រោយ ដែលម្ចាស់ផ្ទះគ្រោងរៀបចំកិច្ចប្រជុំ នាថ្ងៃទី២៣-២៤ ខែវិច្ឆិកាខាងមុខ ដើម្បីសម្រេច ។ តែតាមគម្រោងហ្វីលីពីន អាចនឹងបន្ថែមប្រភេទកីឡាមួយចំនួនទៀត រហូតដល់ ៥៦ប្រភេទ ។ នេះបើតាមការបង្ហើបពីលោក វ៉ាត់ ចំរើន ហើយលោកក៏នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំសម្រេចចុងក្រោយ នាចុងខែនេះផងដែរ៕