(កំពង់ចាម)៖ លោករដ្ឋមន្ត្រី វេង សាខុន និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធបរិស័ទ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា និងបានប្រគេនបច្ច័យសម្រាប់កសាង បង្ហើយដំបូលសាលាធម្មសភា និងទីសេណាសេណាក់នានាក្នុង វត្តពោធិមង្គលឧត្តមក្រឡា ហៅវត្តក្រឡា ស្ថិតនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសដ៏ប្រពៃនាថ្ងៃនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមប្រគេនទេយ្យទាន និងបច្ច័យមកកសាងសមិទ្ធផលនានាក្នុងវត្តពោធិមង្គលឧត្ដមក្រឡា សូមទទួលបាននពរជ័រ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញ បានបង្កើតនូវបរិយាកាសយ៉ាងល្អប្រសើរ ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស គោរពបូជា ចំពោះព្រះពុទ្ធសាសនា និងប្រពៃណីខ្មែរយើង។

សូមបញ្ជាក់ផងដែរថា បុណ្យកឋិនទានសាមគ្គីនេះ លោករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធបរិស័ទ​ បានប្រគេនបច្ច័យជូនវត្តពោធិមង្គលឧត្តមក្រឡា ចំនួន២០០លានរៀល រួមជាមួយបច្ច័យចំនួន១០០លានរៀលទៀតប្រគេនជូនវត្តចំនួន ៥ ដែលស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម៕