(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បីរបស់អាមេរិក លោក Charlie Puth កំពុងតែបង្ហាញមុខ នឹងបានបញ្ចេញនូវបទចំរៀងដ៏ល្បីល្បាញរបស់លោក នៅក្នុងព្រឹត្តការណ៍ប្រគំតន្ត្រីអន្តរជាតិ Mega Concert របស់ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី (ស្មាត) នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារាត្រី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

តារារូបនេះ បានអង្រួនបេះដូងរបស់យុវវ័យយ៉ាងខ្លាំងក្នុងនារាត្រីនេះ​ ជាមួយទៅនឹងបទច្រៀងដ៏ល្បីៗ និងកម្មវិធីកម្សាន្តដ៏អស្ចារ្យ សម្រាប់អតិថិជន Smart ជាពិសេស ក្នុងនោះដែរក៏មានតារាចម្រៀងជាច្រើនរូបទៀតចូលរួមក្នុងការទាក់ទាញបេះដូងយុវវ័យរាប់ពាន់នាក់ផងដែរ ។

សូមបញ្ជាក់ថា លោក Charlie Puth មានអាយុ ២៦ឆ្នាំ បានចាប់ផ្ដើមមានឈ្មោះបោះសំឡេងខ្លាំង តាមរយៈបទចម្រៀង ដែលមានចំណងជើងថា «See You Again» ក្នុងឆ្នាំ២០១៥ ដែលបទចម្រៀងនោះត្រូវបានបញ្ចូល ក្នុងខ្សែរភាពយន្តរឿង «Fast and Furious 7»។ បទចម្រៀងល្បីៗ បន្តបន្តាប់ក្រោយមក ដូចជា We Don’t Talk Anymore, One Call Away និង Attention បានធ្វើឲ្យកិត្តិនាមរបស់លោកកាន់តែរឹងមាំ ក្នុងចំណោមកំពូលតារាចម្រៀងប៉ុបបុរសរបស់សហរដ្ឋអាមេរិក។

លោក Charlie Puth បានចាប់ផ្តើមអាជីពរបស់ខ្លួនក្នុងវិស័យសិល្បៈតន្ត្រី ក្នុងនាមជាអ្នកបង្កើតវីដេអូប្លុក ឬ (vlogger) នៅលើគេហទំព័រ YouTube ដោយច្រៀងបទចម្រៀងតាមម្ចាស់ដើម មុនពេលមានឈ្មោះបោះសំឡេងតាមរយៈបទចម្រៀងរបស់ខ្លួនឯងផ្ទាល់តែម្តង៕