(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០៖២៥នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយស្ទឹងហាវទ្វារចរន្តទី៣ (F3B) មូលហេតុដោយសារមានរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន អានស៊ាហុងហ្វូ (An Xia Hong Fu) ដាច់ហ្វ្រាំងបុកបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្ដាលឲ្យបាក់ចំនួន០១ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់លេខ០១ (២) សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងរៀបចំខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

អគ្គិសនីកម្ពុជា សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕