(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើតំណាងក្រុមហ៊ុន Chevron Cambodia បិទផ្សាយនូវសារអប់រំខ្លីៗ នៅតាមស្ថានីយចាក់ប្រេងឥន្ធនៈកាល់តិចទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងមានការកើនឡើងឥតឈប់ឈររៀងរាល់ឆ្នាំ។

សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុន Chevron Cambodia ដឹកនាំដោយលោក ស្ហាហ៊ីដ អាមេត (Shahid Amed) នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី នាព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកដំណោះស្រាយ ទាក់ទងយន្តការកំណត់តម្លៃប្រេងនៅកម្ពុជា នាពេលកន្លងមក។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីមូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ទៅលើកំណើនសេដ្ឋកិច្ច និងបានស្នើសុំក្រុមហ៊ុន Chevron Cambodia ចូលរួមបិទផ្សាយសារអប់រំខ្លីៗ នៅតាមបណ្តាស្ថានីយចាក់ប្រេងកាល់តិច ដើម្បីបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋ ទាក់ទងបញ្ហាសុវត្ថិភាពផ្លូវថ្នល់ និងហានិភ័យចំពោះការអភិវឌ្ឍសង្គម។

«ក្រៅពីបង្កប់សារអប់រំនៅតាមស្ថានីយ បុគ្គលិកក្រុមហ៊ុនកាល់តិច ក៏អាចរម្លឹកអតិថិជនដែលចូលមកចាក់សាំងថែមទៀត ធ្វើដូចនេះបង្ហាញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់របស់ក្រុមហ៊ុន ទៅលើសុវត្ថិភាពអតិថិជន និងសុវត្ថិភាពផ្លូវថ្នល់ ហើយកាល់តិចនឹងទទួលបានការគាំទ្រកាន់តែច្រើន» លោក ប៉ាន សូរស័ក្តិ បានបន្ថែម។

ទាក់ទងបញ្ហាតម្លៃប្រេង លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរី និងបើកចំហរ ដូច្នេះពុំមានការកំណត់តម្លៃលើទំនិញ និងសេវាកម្មឡើយ ហើយចំណុចនេះ បានចែងច្បាស់នៅក្នុងគោលនយោបាយគាំពារវិនិយោគរបស់កម្ពុជា។ រាជរដ្ឋាភិបាល រង់ចាំស្វាគមន៍រាល់គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដែលអាចដឹកនាំទៅរកស្ថានភាពឈ្នះឈ្នះទាំងអស់គ្នា។

ជាការឆ្លើយតប លោក ស្ហាហ៊ីដ អាមេត (Shahid Amed) បានឯកភាព និងថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានចែករំលែកនូវអនុសាសន៍ល្អៗ ដើម្បីបង្កើនប្រជាប្រិយភាពរបស់ប្រេងឥន្ធនៈកាល់តិច។ លោកនាយកក្រុមហ៊ុនរូបនេះ ក៏បានសន្យាដាក់បញ្ចូលគំនិតរបស់លោករដ្ឋមន្ត្រី ទៅក្នុងកម្មវិធីទទួលខុសត្រូវផ្នែកសង្គម និងយុទ្ធនាការផ្សព្វផ្សាយនានា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ទន្ទឹមគ្នានេះ លោក ស្ហាហ៊ីដ អាមេត ក៏បានសន្យានាំមកជូនប្រជាពលរដ្ឋកម្ពុជា នូវផលិតផលប្រេងឥន្ធនៈ ដែលមានគុណភាពលំដាប់ពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើបៗ រួមជាមួយឱកាសការងារថ្មីៗ ដើម្បីលើកស្ទួយវិស័យឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕