(ភ្នំពេញ)៖ លោក ចាង ឈុនហ៊្សាន (Zhang Chunxian) អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានអះអាងថា ប្រទេសកម្ពុជា និងចិន មានទំនាក់ទំនងរឹងដូចដែកថែប គ្មានអ្នកណាមកបំបែកបំបាក់បាននោះទេ ហើយកម្ពុជា ជាប្រទេសដែលទទួល បានផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន។

ការអះអាងរបស់លោក ចាង ឈុនហ៊្សាន បានធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោក និងគណៈប្រតិភូ បានអញ្ជើញចូលជួបសម្តែងការគួរសម និងធ្វើសវនការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។ លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «ការគាំទ្ររបស់ប្រទេសចិនចំពោះកម្ពុជា និងបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិនជាទំនាក់ទំនងដែកថែប ដែលមានលក្ខណៈរឹងមាំ និងយូរអង្វែង»

ជាមួយគ្នានេះដែរ លោក ចាង ឈុនហ៊្សាន ក៏បានជម្រាប សម្តេចប្រធានរដ្ឋសភាថា ប្រទេសចិន បានកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងបង្កើតគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលគោលនយោបាយនេះ បានទទួលការគំាទ្រពីប្រទេសកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណៈដែលប្រទេសមួយចំនួនបានជំទាស់។

អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេសរូបនេះ បានបន្តថា គោលនយោបាយដែលប្រទេសចិន បានបង្កើតឡើង មិនបានគិតផលប្រយោជន៍ចិន តែមួយនោះទេ គឺគិតដល់ផលប្រយោជន៍រួម ជាផលប្រយោជន៍អាស៊ាន និងពិភពលោក។ លោកបានបន្ត «កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលទទួលបានផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន»

ជាការឆ្លើយតបសម្តេចពញាចក្រី ហេង សំរិន បានសម្តែងនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរួមគ្នា នៃប្រទេសកម្ពុជា និងចិន ដែលបានធ្វើឱ្យទំនាក់ទំនង មិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ហើយឆន្ទៈរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមំាថែមទៀត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយជាពិសេស «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលបាន និងកំពុងទទួលលទ្ធផលជាផ្លែផ្កាលើច្រើនវិស័យ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានវាយតំលៃខ្ពស់ និងគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពី គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសេដ្ឋកិច្ច ដែលជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល។ សម្រាប់ប្រទេសកម្ពុជា គោលនយោបាយនេះ បានដើរតួនាទីសំខាន់ ក្នុងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ ដោយសង្ឃឹមថា គម្រោងនេះជួយទាក់ទាញវិនិយោគិន និងការអភិវឌ្ឍន៍វិស័យឧស្សាហកម្មទេសចរណ៍ មកក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ក្នុងឱកាសនេះដែរសម្តេច ហេង សំរិន និងលោក ចាង ឈុនហ៊្សាន បានប្តេជ្ញារួមគ្នាក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ដែលមានលក្ខណៈល្អប្រសើរស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត ក្នុងការបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរនៅក្នុងនោះនឹងជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ដកស្រង់បទបទពិសោធន៍គ្នាទៅវិញ ទៅមកនៅគ្រប់កម្រិត។

តាមរយៈប្រធានគណៈប្រតិភូ សម្តេច ហេង សំរិន បានផ្តាំផ្ញើសួរសុខទុក្ខលោកប្រធានាធិបតី ស៊ី ជីនពីង, លោក លី ខឺឈាង នាយករដ្ឋមន្រ្តី និងលោក លី ចាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងបានគោរពអញ្ជើញ ប្រធានសភាតំណាងប្រជាជនចិន ទូទាំងប្រទេសមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្របណាមួយ ហើយភាគីចិន ក៏បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ច នៅប្រទេសចិនផងដែរ។

សូមជម្រាបថា លោក ចាង ឈុនហ៊្សាន បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយនៅក្នុងនោះគណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន ទូទាំងប្រទេស គ្រោងចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃកម្ពុជា រួមមានសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕