(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុលសារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអះអាងថា ​រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញការបង្កើនកងទ័ពមួកខៀវជាជានារី ឱ្យចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ដោយផ្តោតសំខាន់ ទៅលើសកម្មភាព ក្នុងវិស័យមួយចំនួនដែលកម្ពុជាមានលទ្ធភាពចូលរួមព្រមទាំងខិតខំកែលម្អ លើការងារគ្រប់គ្រងពង្រឹងធនធានមនុស្ស ជាពិសេសការបង្កើនចំនួនចូលរួមជាស្ត្រី ដើម្បីឱ្យស្របទៅនឹងទស្សនៈយ៉េនឌឺ បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។

ការអះអាងរបស់ ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែល លោកទេសរដ្ឋមន្ត្រី និងលោកស្រី PaulineTamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ពិធីបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។

ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានបន្តថា ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំបន្តអភិវឌ្ឍមធ្យោបាយ និងធនធានចាំបាច់មួយចំនួន សម្រាប់បំពាក់ជូនកងកម្លាំង ចូលរួមបេសកកម្មសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការងារ ដឹកនាំកំណត់គោលនយោបាយលើកកម្ពស់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពជំនាញគ្រប់វិស័យ ដល់កងកម្លាំងព្រមទាំង បានបង្ហាញ ជំហរគាំទ្រ នូវចក្ខុវិស័យនៃកិច្ចប្រតិបត្តិការរក្សាសន្តិភាព និងទស្សនាទានសម្រាប់របៀបវារៈ នៃការអភិវឌ្ឍប្រកបដោយចីរភាព។

ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសរូបនេះ បានបញ្ជាក់ថា កម្ពុជា គឺជាអ្នកគាំទ្រប្រកបដោយសង្គតិភាពចំពោះនិម្មាបនកម្មសន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ជាក់ស្តែងអស់រយៈពេល១២ឆ្នាំ (២០០៦-២០១៨) ដែលកម្ពុជា បានចូលរួមបញ្ជូនកងកម្លាំង មួកខៀវចំនួន៥៥៧៩នាក់ (នារី២៦៧នាក់) រួចមកហើយបច្ចុប្បន្នកំពុងបំពេញបេសកកម្មចំនួន៨១១នាក់ (នារី៦៦នាក់) ទៅចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ទឡ្ហីករណ៍ទាំងនេះ បានបញ្ជាក់ច្បាស់ថា កម្ពុជា​ស្រឡាញ់សន្តិភាពកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការផ្តល់វិភាគ​ទានយ៉ាងសកម្ម ដល់វិស័យប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទង់ជាតិកម្ពុជា បន្តបង្ហូតយ៉ាងខ្ពស់ត្រដែត ជាមួយបណ្តាប្រទេស ដែលចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងបានធ្វើឱ្យកិត្តិនាមរបស់កម្ពុជា ឱ្យល្បីរន្ទឺលើសកលលោក។

ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានបន្ថែមទៀតថា ក្នុងវិស័យរក្សាសន្តិភាពលើលោករាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីចក្ខុវិស័យ ក្នុងគោលដៅធានានិរន្តរភាព នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពដោយប្តេជ្ញាយ៉ាងមុតមាំបន្តវិភាគទាន ចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសដទៃ នៅលើពិភពលោកតាមសំណូមពរជាក់ស្តែងរបស់អង្គការសហប្រជាជាតិ។

នៅក្នុងឱកាសនេះដែរ លោកស្រី PaulineTamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើង កម្ពុជា ជាប្រទេសមួយនៅសហគមន៍អាស៊ាន ដែលបរិច្ចាគកម្លាំងច្រើនជាងគេ ហើយបច្ចុប្បន្នកម្លាំងកម្ពុជា មានចំនួន៨១១នាក់ ដែលក្នុងនោះមាននារីចំនួន៦៦នាក់ កំពុងបំពេញបេសកកម្មក្នុងបណ្តាប្រទេសនានា ក្នុងទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា។

លោកស្រី PaulineTamesis បានបន្ថែមទៀតថា ការទាមទារឱ្យមានកងរក្សាសន្តិភាពជានារី រឹតតែមានការកើនឡើងជាងមុនទៅទៀត។ នារីដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជម្លោះ និងបង្កើតព្រមទាំងថែរក្សាសន្តិភាព។ ក្នុងករណីជាច្រើននារីអាចអនុវត្តការងារ រក្សាសន្តិភាពសំខាន់ៗ រួមមានផ្តល់បទសម្ភាសន៍ដល់ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទធ្វើការជាមួយនារី ដែលជាប់ពន្ធនាគារ ផ្តល់ជំនួយដល់ស្ត្រី ដែលជាអតីតអ្នកប្រយុទ្ធអំឡុងពេលដំណើរការកាត់រំសាយទ័ព និងការធ្វើសមាហរណកម្ម និងជួយបង្ហាត់ដល់និស្សិតជាយោធិននារី និងនគរបាលផងដែរ។

តំណាងអង្គការសហប្រជាជាតិ បានលើកឡើងថា កម្លាំងរក្សាសន្តិភាពនៃកងលេខ៥៩៤ នឹងបោះជំហានទៅកាន់បេសកកម្ម​របស់ខ្លួន នឹងក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ ហើយថាបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ស្ថិតក្រោមការស៊ើបអង្កេត ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ព្រោះតែបេសកកម្មនេះមានការរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងអំពើហិង្សា និងការជួញដូរផ្លូវភេទ ដោយកងរក្សាសន្តិភាពមកពីប្រទេសមួយចំនួន។ អង្គការសហប្រជាជាតិមានគោលនយោបាយមិនលើកលែង ជាដាច់ខាតចំពោះសកម្មភាពទាំងនេះ៕