(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្ស IPU គ្រាន់តែជាអង្គការចាត់តាំងមួយបម្រើនយោបាយ និងមនោគមន៍វិជ្ជាឱ្យបរទេសណាមួយតែប៉ុណ្ណោះ ហើយកម្ពុជាជាប្រទេសឯករាជ្យពេញលេញ មិនធ្វើតាមការបង្គាប់បញ្ជារបស់ IPU នោះទេ។

ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី នាយកទទួលបន្ទុកផ្នែកទំនាក់ទំនងនៃសហភាពអន្តរសភា IPU លើកឡើងនាថ្មីៗនេះថា ចំណាត់ការ​របស់ IPU ចំពោះការចេញសេចក្តីសម្រេចសម្រាប់ប្រទេសកម្ពុជាកន្លងមក ​មិន​គួរ​ត្រូវ​បាន​បកស្រាយ​ថា​ជា​ការ​ «​ជ្រៀតជ្រែក​» កិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ខណៈ​ដែល​ខ្លួន​គ្រាន់តែ​តាមដាន​ការ​ «​រំលោភ​បំពាន​» ​សិទ្ធិ​របស់​សមាជិក​សភា និង​ទាមទារ​ឲ្យ​មាន​ការ​ «​លើក​កម្ពស់​សិទ្ធិ​» ​របស់​កម្ពុជាតែប៉ុណ្ណោះ​។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះ៖ «វាគ្រាន់តែជាអង្គការចាត់តាំងមួយបម្រើនយោបាយ និងមនោគមន៍វិជ្ជាអន្តរជាតិ ណាមួយប៉ុណ្ណោះ​ដែលរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់កើតចេញពីការបោះឆ្នោត និងមានឯករាជ្យ និងមានអធិបតេយ្យភាព ពេញលេញ មិនខ្ចីយកត្រចៀកស្តាប់ និងមើលឡើយ»

លោក សុខ ឥសាន បានបន្តថា នៅក្នុងបានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការសិទ្ធិមនុស្ស IPU បានចេញសេចក្តីសម្រេចមួយ​មានចំនួន១២​ចំណុច ដែលបានជំរុញជាថ្មីឱ្យអាជ្ញាធរកម្ពុជា​ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងនោះ ទាមទារឱ្យដោះលែង លោក ​កឹម សុខា អតីតប្រធានអតីតគណបក្សប្រឆាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងទាមទារ ឱ្យគណបក្សសង្គ្រោះជាតិ​មានដំណើរការឡើងវិញផងដែរ​ ដែលធ្វើឱ្យគណៈប្រតិភូសភាកម្ពុជា​ ចេញសេចក្តីថ្លែងការណ៍មួយ «​បដិសេធទាំងស្រុង» ចំពោះសេចក្ដីសម្រេចនេះ និងចោទថា IPU បានលាបពណ៌ប្រទេសកម្ពុជា ឱ្យខ្មៅងងឹត តាមរយៈការចេញ នូវសេចក្ដីសម្រេចដែលមានលក្ខណៈលម្អៀង។

អ្នកនាំពាក្យគណបក្សកាន់អំណាច បានបន្តថា តែផ្ទុយទៅវិញ បើរាល់ការបង្គាប់បញ្ជា និងតម្រូវរបស់ខ្លួននោះមិនត្រូវបានអនុវត្តតាមទេ និងគ្មានប្រសិទ្ធភាពទេនោះ បានសេចក្តីថា គណៈកម្មាធិការសិទ្ធិមនុស្ស IPU នេះមិនខ្មេះទេ អត់បានការទាល់តែសោះ។ បើពិតជាចៅហ្វាយនាយកម្ពុជា ជាម្ចាស់អាណានិគមន៍លើកម្ពុជា ​និងបើជាថៅកែលើកូនឈ្នួលកម្ពុជា មែននោះរាល់ការបង្គាប់បញ្ជា និងការតម្រូវទាំងបីចំណុចខាងលើនេះ ប្រាកដជាមានប្រសិទ្ធភាពយ៉ាងជាក់ស្តែង តាមការចង់បានរបស់ខ្លួន។

លោក សុខ ឥសាន បានចោទសួរថា ការទាមទារ និងតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើតាមខ្លួនយ៉ាងដូច្នេះ​តើគណៈកម្មាធិការសិទ្ធិមនុស្ស IPU តាំងខ្លួនឯងជាអ្វីជាមួយកម្ពុជា? ទី១៖ តើជាចៅហ្វាយនាយរបស់កម្ពុជាឬ? ទី២៖ តើជាម្ចាស់អាណានិគមលើកម្ពុជាឬ? ទី៣៖ តើជាថៅកែលើកូនឈ្នួលកម្ពុជាឬ?៕