(ភ្នំពេញ)៖ តាមរយៈទំព័រ Facebook ផ្លូវការរបស់សាលារាជធានីភ្នំពេញ ដែលមានឈ្មោះថា «រដ្ឋបាលរាជធានីភ្នំពេញ» បានប្រកាសបេក្ខជនជ័យលាភី នៃការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨។

ការបោះឆ្នោតជ្រើសរើសការគាំទ្រនេះ បានចាប់ផ្តើមកាលថ្ងៃទី២៨ ខែតុលា និងត្រូវបានបញ្ចប់នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីគណៈកម្មការវាយតម្លៃ ជ្រើសរើសរូបភាពចំនួន៥រូបភាព ដើម្បីធ្វើប្រជាមតិរយៈពេល៣ថ្ងៃ ជាលទ្ធផលទទួលបានដូចខាងក្រោម៖

១៖ ជ័យលាភីលេខ១ ជាស្នាដៃរបស់បេក្ខជន ប៊ិន សុបញ្ញា ទទួលបានការគាំទ្រចំនួន ៦.៦០០Likes នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីនរោត្តម ចំណុចវិមានឯករាជ្យ។

២៖ ជ័យលាភីលេខ២ ជាស្នាដៃរបស់បេក្ខជន ឆៀង នឿន ទទួលបានការគាំទ្រចំនួន ២.៦០០Likes នឹងត្រូវដាក់ដំឡើងនៅទីតាំងតិរវិថីព្រះស៊ីសុវត្ថិ ចំណុចរូបសំណាក់តេជោមាសតេជោយ៉ត។

៣៖ ជ័យលាភីលេខ៣ ជាស្នាដៃរបស់បេក្ខជន ខន រតថៃ ទទួលបានការគាំទ្រចំនួន ១.៨០០Likes នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីព្រះសីហនុ ចំណុចខាងលិចរង្វង់មូលសម្តេចជួនណាត។

៤៖ ជ័យលាភីលេខ៤ ជាស្នាដៃរបស់បេក្ខជន ហេង ភីរុន ទទួលបានការគាំទ្រចំនួន ១.២០០Likes នឹងត្រូវដាក់ដំឡើងនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចំណុចមុខនាឡិកា។

បើតាមសាលារាជធានីភ្នំពេញ ដើម្បីឱ្យស្របទៅតាមទីតាំងជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាសិទ្ធិកែសម្រួលនូវចំណុចខ្លះនៃរូបភាព ដែលត្រូវដាក់ដំឡើងតាមគោលដៅនីមួយៗ។

សូមជម្រាបថា កាលថ្ងៃទី២៨ ខែតុលា សាលារាជធានីភ្នំពេញ បានដាក់បង្ហាញនូវរូបគម្រូខ្លោងរបារកាត់ទទឹងផ្លូវ ចំនួន៥ជម្រើស ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ធ្វើការបោះឆ្នោតគាំទ្រ ដើម្បីយកដាក់តាំងបង្ហាញនៅតាមផ្លូវសាធារណ ចំនួន៤គោលដៅ សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៨ ខាងមុខនេះ។

រូបគំរូចំនួន៥សន្លឹកនេះ ​គឺជាស្នាដៃរបស់បេក្ខជន ដែលបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន​៤៥រូបភាព ដែលមានបេក្ខជនចំនួន​២៩នាក់ បានផ្ញើមកដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ។

រូបទាំង៥ដែលដាក់ឲ្យបោះឆ្នោតនេះ សុទ្ធតែមានអត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេស នៃការសាងសង់ និងការរចនាភ្លើងឲ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង​៥នេះតែម្ដង ហើយរូបភាពដែលទទួលបានការ Like គាំទ្រ ច្រើនជាងគេចំនួន​៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច៕