(សិនជិន-ចិន)៖ លោក ហ៉ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសងធម្មការនិងសាសនា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងកិច្ចប្រជុំតុមូលស្តីពី ព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៣ ឆ្នាំ២០១៨ ដែលប្រារព្ធនៅសាលប្រជុំណាន់ណៃ ទីក្រុងសិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន។

កម្មវិធីនេះ ក៏មានការយាងចូលរួមពីសំណាក់សម្តេចសង្ឃជាន់ខ្ពស់ទាំងពីរនិកាយ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងតំណាងសហគមព្រះពុទ្ធសាសនា និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ មកពីប្រទេសជាច្រើនរួមមាន៖ ប្រទេសចិន, ស្រីលង្កា, ឡាវ, កម្ពុជា, នេប៉ាល់, មីយ៉ាន់ម៉ា, ម៉ុងហ្គោលី, និងសហរដ្ឋអាមេរិកផងដែរ។

ប្រទេសនៅតាមសមុទ្រចិនខាងត្បូង នឹងចូលរួមជួយដោះស្រាយជម្លោះ និងរក្សាសន្តិភាពតាមរយៈការចូលរួមជាមួយគ្នា ដើម្បីលើកកម្ពស់ចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ជាមួយបណ្តាប្រទេសនៃសមុទ្រចិនខាងត្បូង ដែលត្រូវបានគេចាត់ទុកថាជាតំបន់ស្នូល នៃព្រះពុទ្ធសាសនា លើការរីកចម្រើន ដល់ទីតាំងភូមិសាស្ត្រនិងវប្បធម៌។ ប្រជាជននៃប្រទេសផ្សេងៗ ក៏មានការចែករំលែកគោលដៅរួមគ្នា ដើម្បីលើកកម្ពស់ខាងជំនឿខាងវិញ្ញាណ ក្នុងការស្វែងរកជីវិតដ៏ប្រសើរ។

ព្រះពុទ្ធមានសេចក្តីអាណិតអាសូរ ហើយស្វែងរកការប្រោសដល់មនុស្សទាំងអស់ ឲ្យចាកផុតសេចក្តីទុក្ខ និងស្វែងរកសេចក្តីសុខ ចំរុងចម្រើន ដល់មនុស្សទាំងអស់ និងស្វែងរកភាពសុខដុមរមនា និងការអភិវឌ្ឍភាព ស្និតស្នាលនិងទូទំទូលាយជាមួយអ្នកដទៃ នៅក្នុងសហគមន៍ព្រះពុទ្ធសាសនា តាមតំបន់សមុទ្រចិនខាងត្បូង រវាងប្រជាជននិងប្រជាជន។

កិច្ចប្រជុំព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង ត្រូវបានប្តេជ្ញាចិត្ត ប្រមូលផ្តុំការមូលមតិគ្នា ក្នុងចំណោមប្រជាជន នៃប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា បង្កើតវេទិកាមួយ សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈសិក្ខាសាលា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ កិច្ចប្រជុំតុមូលនៅឆ្នាំនេះ ក៏នឹងមានការមូលមតិគ្នា ដែលបញ្ជាក់ពីតម្លៃស្នូល នៃការគោរពគ្នាទៅវិញទៅមក ផ្តល់ភាពយុត្តិធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ តាមការព្រមព្រៀងគ្រប់ភាគីទាំងអស់។

កិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង សង្ឃឹមថាអ្នកកាន់ និងគោរពព្រះពុទ្ធសាសនាទាំងអស់ នឹងស្វែងរកឱកាសរួមគ្នា ក្នុងការរក្សាសន្តិភាព ការពារសមុទ្យចិនខាងត្បូង និងចែករំលែកភាពលំបាក សុភមង្គលសម្រាប់សន្តិភាព ស្ថិរភាព និងភាពរុងរឿងនៅតាមតំបន់សមុទ្រចិនខាងត្បូង៕