(សេនហ្សេន-ចិន)៖ លោកទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា​​ សកម្មភាពរបស់សាសនា មានការលូតលាស់ខ្លាំង បានធ្វើឲ្យចិនក្លាយជាមជ្ឈមណ្ឌល ព្រះពុទ្ធសាសនាពិភពលោក ហើយភាពជោគជ័យទាំងនេះ ធ្វើឱ្យប្រទេសចិនក្លាយជាគំរូមួយយ៉ាងល្អ សម្រាប់ប្រទេសនានានៅសមុទ្រខាងត្បូងចិន (South China Sea) ព្រមទាំងប្រទេសកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីបុណ្យវប្បធម៌ព្រះពុទ្ធសាសនា សេនហ្សេនលើកទី១០ នៅវត្ត ហុងហ្វាសេនហ្សេន (SHENZHEN HONGFA) និងសន្និសីទតុមូលសេនហ្សេនព្រះពុទ្ធសាស នាសមុទ្រចិនខាងត្បូង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ទីក្រុងសេនហ្សេន ប្រទេសចិន។

លោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នប្រទេសចិន កំពុងមានកំណើនយ៉ាងខ្លាំង ផ្នែកសេដ្ឋកិច្ច វិទ្យាសាស្ត្រ ព្រមទាំងបច្ចេកវិទ្យាផងដែរ។ មិនតែប៉ុណ្ណោះការរីកចម្រើន ខាងវប្បធម៌ និងគុណភាពជីវិតរបស់ប្រជាជនចិន ក៏កាន់តែប្រសើរផងដែរ។ សកម្មភាពរបស់សាសនាមានការ លូតលាស់ខ្លាំង បានធ្វើឲ្យចិនក្លាយជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាពិភពលោក ភាពជោគជ័យទាំងនេះ ធ្វើឱ្យប្រទេសចិនក្លាយជាគំរូមួយយ៉ាងល្អ សម្រាប់ប្រទេសនានានៅសមុទ្រខាងត្បូងចិន (South China Sea) ព្រមទាំងប្រទេសកម្ពុជាផងដែរ»

លោកបានបន្តថា ពិធីបុណ្យវប្បធម៌ព្រះពុទ្ធសាសនាសេនហ្សេនលើកទី១០ និងសន្និសីទតុមូលសេនហ្សេនព្រះពុទ្ធសាស នាសមុទ្រចិនខាងត្បូង បានធ្វើឡើងដើម្បីធ្វើឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងអ្នកកាន់ពុទ្ធសាសនា នៃកម្ពុជា និងសាធារណរដ្ឋប្រជាមានិត ពិសេសនោះគឺរឹតចំណងសាមគ្គីភាព មិត្តភាព ក្នុងតំបន់ និងក្នុងពិភពលោក។

ទន្ទឹមនឹងនេះដែរ កម្មវិធីទាំងនេះ ពិតជាមានសារសំខាន់ និងសមស្របបំផុត ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើននៃការគោរព និងការប្រតិបត្តិព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ដែលទាមទារឲ្យអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ រួមចំណែកក្នុងការកសាងពិភពលោកនេះ ជាពិភពលោកមួយប្រកបដោយសន្តិភាព និងភាពសុខដុមរមនា ដើម្បីសិក្សាស្វែងយល់រវាងគ្នានិងគ្នា ក្នុងសកម្មភាព និងបំណងប្រាថ្នារួម ដោយយកខ្លឹមសាររបស់ព្រះធម៌ ឈរលើការយោគយល់អធ្យាស្រ័យ សណ្តោសប្រណី តាមមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះពុទ្ធសាសនា នៃប្រទេសនីមួយៗ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្តថា «ក្នុងន័យនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិធីបុណ្យ និងសន្និសីទព្រះពុទ្ធសាសនាលើកនេះ នឹងជាឱកាសសម្រាប់ការផ្លាស់ប្តូរគំនិតទស្សនៈ បទពិសោធន៍ ការងាររវាងពុទ្ធសាសនិក និងពុទ្ធសាសនិកគ្នា សំដៅដាក់ចេញនូវវិធានការណ៍កែលម្អថ្មីៗ ដើម្បីលើកស្ទួយការអភិវឌ្ឍសុខដុមនីយកម្មព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនថែមទៀតទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល បន្ថែមលើសពីនេះទៀត ក៏បានបំផុសនូវការរួបរួមកម្លាំងសាមគ្គី ឯកភាពគ្នាទាំងពុទ្ធចក្រ និងអាណាចក្រ បង្កើតបានជាថាមពលរឹងប៉ឹងមួយ ក្នុងចំណោម ពុទ្ធបរិស័ទ្ធឈានទៅរួមគ្នាថែរក្សាមរតកសាសនា លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ប្រកៀកស្មាគ្នាអភិវឌ្ឍពិភពលោកក្រោមដំបូលសន្តិភាព និងសុខដុមនីយកម្ម»

បើតាមលោកទេសរដ្ឋមន្រ្តី រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំខ្នះខ្នែងអភិវឌ្ឍន៍វិស័យសាសនា រួមមានកសាងព្រះវិហារ មណ្ឌលសំណាក់ធម៌ សាលារៀន កុដិ មជ្ឈមណ្ឌលសុខភាពព្រះសង្ឃ បណ្ណាល័យ ពុទ្ធិកសាកលវិទ្យាល័យព្រះពុទ្ធសាសនា នៅទូទាំងប្រទេស ដើម្បីជាឧត្តមប្រយោជន៍សំដៅពង្រឹងនូវសាមគ្គីភាព លើកកម្ពស់វប្បធម៌ខន្តីធម៌ ការអត់ឱន អធ្យាស្រ័យគ្នា ក្នុងបណ្តាអ្នកប្រតិបត្តិសាសនាក្នុងសង្គមជាតិខ្មែរទាំងមូល។

សមិទ្ធផលទាំងនេះ ជាសក្ខីភាពឱឃើញថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តនូវគ្រប់មធ្យោបាយ ដើម្បីធានាដល់វឌ្ឍនភាពវប្បធម៌ ប្រពៃណី ដែលជានិមិត្តរូបជាតិឲ្យកាន់តែចម្រើនលូតលាស់។ រាជរដ្ឋាភិបាល និងពុទ្ធសាសនិកកម្ពុជា បានគោរពការពារ លើកស្ទួយព្រះពុទ្ធសាសនាជាដរាប ធ្វើយ៉ាងណាឲ្យពលានុភាព នៃព្រះពុទ្ធសាសនា ជាឧត្តមឱវាទនៃព្រះបរមគ្រូ នៅតែបន្តអត្ថិភាពតាំងនៅគង់វង្ស និងជ្រួតជ្រាបក្នុងក្រអៅបេះដូង ចិត្តគំនិត នៃជនានុជនពិភពលោកជានិច្ចនិរន្តរ៍៕