(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលនាយកប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង បានបើកប្រតិបត្តិការឡោមព័ទ្ធផ្ទះមួយកន្លែង ហើយឈានទៅដល់ការចាប់​ជនសង្ស័យ​ម្នាក់​​ ដែល​បក្ខពួក​​​ប៉ុនប៉ងបំផ្ទុះ​ភេរវកម្ម ប្រឆាំងរាជរដ្ឋាភិបាល។ ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិត​ត្រង់​ចំណុច​ផ្ទះ​លេខ​១៨៤A ផ្លូវ​លេខ៦៩R ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ជនសង្ស័យ​ខាងលើឈ្មោះ​ ប៉េង រ៉ា អាយុ​៤៨​ឆ្នាំ ជា​អ្នកធ្វើការ និង​ចាំ​ដី​ឲ្យ​គេ​នៅ​ម្តុំ​ពេជ្រនិល គឺជាបក្ខពួកក្រុមចង់បំផ្ទុះភេរវកម្ម ក្នុងចំណោមបក្ខពួកសរុបចំនួន៨នាក់។ ជននេះត្រូវបានចាប់ខ្លួន​តាម​ដីការបស់តុលាការ និងធ្វើឡើងក្រោមបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន ​ទៅ​កាន់នាយកដ្ឋានប្រឆាំង​ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បី​ចាត់ការ​តាម​នីតិវិធី។

សូមបញ្ជាក់ថា កាលពី​​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ កម្លាំង​នគរបាលនាយកដ្ឋាន​ប្រឆាំងភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ​បាន​តាមចាប់ខ្លួន​មេ​ខ្លោងម្នាក់ ពាក់ព័ន្ធ​ទៅ​នឹង​មនុស្ស​ប្រុស​-​ស្រី​៨នាក់ ដែល​មាន​អតីត​ភិក្ខុសង្ឃ​១​អង្គ​ផង​នោះ​នៅ​ខេត្តព្រះវិហារ។ ជនសង្ស័យរូបនោះមានឈ្មោះ ​ក្រូច ដែល​ការ​ចាប់ខ្លួន​ឈ្មោះ​នេះ សមត្ថ​កិច្ច​បាន​ដកហូត​អាវុធ​មាន​វែង​មាន​ខ្លី និង​មាន​គ្រឿង​រំសេវ​ជា​ឧបករណ៍​ដាក់​បំផ្ទុះ​ទៀត​ផង។

ការបង្ក្រាបពេលនោះ កម្លាំងនគរបាល បានដកហូតកាំភ្លើងចំនួន២៨ដើម ហើយក្រុមទាំងនេះ​ ត្រូវបានតុលាការចេញដីកាដាក់ពន្ធនាគារជាបណ្តោះអាសន្នរួចហើយ៕