(កណ្ដាល)៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជន ស្រុកល្វាឯម ខេត្តកណ្ដាល នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានស្នើសុំឲ្យលោកគ្រូ-អ្នកគ្រូ នៅក្នុងស្រុកល្វាឯម ខេត្តកណ្ដាល បន្តការខិតខំទាំងកម្លាំងកាយចិត្ត ដើម្បីអប់រំ និងបង្រៀងដល់ប្អូនៗ ជាសិស្សានុសិស្ស ឲ្យកាន់តែខ្លាំងបន្ថែមទៀត។

ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក កៅ​ ថាច តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល អញ្ជើញចូលរួមបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៨-២០១៩ និងសំណេះសំណាល ជាមួយសិស្សានុសិស្ស សរុបប្រមាណ១ពាន់នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពាមឱកញ៉ាអុង ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

តាមរយៈកិច្ចស្វាគមន៍របស់ លោក កន កាណាដា នាយកវិទ្យាល័យ ហ៊ុន សែន ពាមឱកញ៉ាអុង បានឲ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មី២០១៩នេះ វិទ្យាល័យពាកឧកញ៉ាអុង មានសិស្សសរុប១,០៥០នាក់ ក្នុងនោះ សិស្សស្រី មានចំនួន៥៦៧នាក់។

សម្រាប់លទ្ធផល នៃការប្រឡងបាក់ឌុបកន្លងមក វិទ្យាល័យនេះ មានអត្រាសិស្សប្រឡងជាប់រហូតដល់៩៦% នេះដោយសារទទួលបានការយកចិត្តទុកដាក់ ពីអ្នកពាក់ព័ន្ធមានលោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ដែលបានជួយលើកទឹកចិត្ត និងឧបត្ថម្ភ។

ជាពិសេសលោក កៅ ថាច តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តែងតែបានជួយឧបត្ថម្ភទាំងសម្ភារ និងថវិកា ជូនដល់លោកគ្រូ-អ្នកគ្រូបង្រៀនបំប៉នសិស្ស ថ្នាក់ទី១២ ចំនួន២០សប្តាហ៍ មុនការប្រឡងថ្នាក់ជាតិមកដល់ ក៏ដូចជាថវិកាសម្រាប់ការធ្វើដំណើរ ទៅប្រឡងរបស់ប្អូនៗផងដែរ។

ជាថ្មីម្តងទៀត នាយកវិទ្យាល័យ ហ៊ុន សែន ពាមឱកញ៉ាអុង សង្ឃឹមយ៉ាងមុតមាំ និងសំណូមពរដល់ លោក កៅ ថាច បន្តជួយគាំទ្រទាំងស្មារតី និងថវិកាដល់វិទ្យាល័យទាំងអស់ ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល ជាបន្តទៀត។

នាឱកាសនោះ លោក កៅ ថាច បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងសម្ដែងនូវសេចក្ដីរីករាយ និងចូលរួមអបអរសាទរចំពោះ ក្មួយៗ ប្អូនៗ ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃជីវិតសិក្សារក្នុងសម័យកាល នៃប្រទេសមានសន្តិភាព និងការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក កៅ ថាច បានធ្វើការកត់សម្គាល់ និងគូសវាសនូវចំនុចសំខាន់ៗ មួយចំនួនជូនដល់ប្អូនៗ ដើម្បីជាប្រទីបក្នុងការសិក្សារបស់ខ្លួន ដោយយកគំរូនៃការសិក្សា របស់អ្នករៀនពូកែៗជុំវិញខ្លួន និងជាពិសេស ត្រូវតាំងចិត្តប្រឡងឲ្យជាប់ ដើម្បីឈានឡើងបន្តទៅកាន់មហាវិទ្យាល័យ ដែលមានអាហារូបករណ៍ជាច្រើនកំពុងរង់ចាំប្អូនៗ។

លោកថា ជាក់ស្តែងក្នុងស្រុកល្វាឯម ដោយទទួលបានការយកចិត្តទុកដាក់ ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្អូនៗ ដែលពុំមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ លោកអគ្គបណ្ឌិតបានត្រៀម និងផ្តល់អាហារូបករណ៍ដល់ប្អូនៗ ដើម្បីបន្តការសិក្សារហូតដល់ចប់នៅមហាវិទ្យាល័យជារៀងរាល់ឆ្នាំ។

ទន្ទឹមនេះ ដើម្បីពង្រឹងគុណភាពសិស្សានុសិស្ស លោក កៅ ថាច បានស្នើសុំឲ្យលោកគ្រូ-អ្នកគ្រូ បន្តការខិតខំទាំងកម្លាំងកាយចិត្ត ដើម្បីអប់រំ និងបង្រៀងដល់ប្អូនៗ ជាសិស្សានុសិស្សឲ្យកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសសម្រាប់ប្អូនៗ ដែលត្រូវត្រៀមខ្លួនប្រឡងបាក់ឌុប នៅឆ្នាំ២០១៩ខាងមុខនេះ។

ជាមួយគ្នានេះ លោក បានផ្តាំផ្ញើដល់ប្អូនៗ សិស្សានុសិស្ស សរុបប្រមាណ១ពាន់នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពាមឱកញ៉ាអុង ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល ចំនួន៤ចំណុចសំខាន់ៗ រួមមាន៖

* ត្រូវស្តាប់បង្គាប់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខិតខំរៀនសូត្រ ដោយជៀសវៀងការប្រើប្រាស់គ្រឿងញាន និងអំពើអបាយមុខផ្សេងៗ ដែលនាំអន្តរាយដល់ខ្លួន និងគ្រួសារ សង្គមជាតិ។
* ត្រូវចូលរួមកម្មវិធីសង្គមឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗសម្រាប់ខ្លួន។
* ត្រូវពង្រឹងពង្រីកសមត្ថភាព ចំណេះដឹងទាំងភាសាខ្មែរ និងភាសាបរទេសឲ្យបានខ្លាំង ដើម្បីងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ និងងាយស្រួលរកការងារធ្វើ នៅពេលរៀនចប់ និងដើម្បីបន្តការសិក្សានៅបរទេស។
* បច្ចុប្បន្នភាពប្រទេសមានការរីកចម្រើន ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដូចនេះប្អូនៗត្រូវខិតខំរៀនសូត្រ ដើម្បីឈោងចាប់ឱកាសការងារ ដែលកំពុងរង់ចាំប្អូនៗ នៅពែលរៀនចប់។

ជាមួយគ្នា​នោះ លោក កៅ ថាច បាននាំសម្ភារសិក្សា និងថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ដើម្បីឧបត្ថម្ភជូន រួមមាន៖
* សិស្សានុសិស្សចំនួន១,០០០នាក់ ក្នុងមួយនាក់ ទទួលបានសៀវភៅពីរក្បាល ប៊ិចពីរដើម
* លោកគ្រូ អ្នកគ្រូចំនួន៤៥នាក់ ក្នុងម្នាក់ទទួលបាន ២០,០០០រៀល
* សិស្សកាយរិទ្ធ និងកាកបាទក្រហមចំនួន១០០នាក់ ក្នុងម្នាក់ចំនួន ៥,០០០រៀល
* យុវជនសសយក ចំនួន៣០នាក់ ក្នុងមួយនាក់ទទួលបាន ១០,០០០រៀល
* ឧបត្ថម្ភការចំណាយរៀបចំកម្មវិធី និងវិទ្យាល័យ ចំនួន ១,៣០០,០០០ រៀល៕