(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការផ្តល់ដំណឹង ទាក់ទងនឹងផ្លូវខូច (ផ្លូវសំបុកមាន់) សម្រាប់ក្រសួងសាធារណការ ចុះត្រួតពិនិត្យ និងជួសជុសផ្លូវនោះ នៅចុងឆ្នាំ២០១៨នេះ ក្រសួងនឹងដាក់ឱ្យដំណើរការ App មួយឈ្មោះថា Road Care ជាApp ដែលអាចឱ្យប្រជាពលរដ្ឋទាំងអស់ អាចផ្តល់ដំណឹងជូនក្រសួងបាន ដោយគ្រាន់តែថតផ្លូវកន្លែងណាដែលខូច រួចផ្ញើចូល App នោះតែប៉ុណ្ណោះ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ដែលស្ថិតនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ប្រជាពលរដ្ឋទាំងអស់ អាចដំឡើង App នេះក្នុងទូរស័ព្ទដៃ ហើយបើឃើញមានរូបភាពសំបុកមាន់ ផ្លូវខូច នៅតាមដងផ្លូវ ផ្លូវជាតិនានា អាចថតផ្ញើចូលទៅក្នុងប្រព័ន្ធ App នេះបាន ដើម្បីឱ្យបានដឹងដល់ក្រសួងសាធារណការ និង​ដឹងជញ្ជូន។ លោកបន្តថា App នេះបានធ្វើជិតរួចរាល់ហើយ ដែលសង្ឃឹមថា ខែក្រោយ ឫយ៉ាងយូរខែ១២ និងដាក់ឱ្យដំណើរការ App នេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ បានចូលរួមថតនូវផ្លូវកន្លែងណាដែលខូច អាចផ្ញើចូលបាន។

លោកទេសរដ្ឋមន្ត្រី បានបញ្ញាក់ទៀតថា Appមួយនេះ មានលក្ខណៈពិសេសគឺ នៅពេលដែលបញ្ជូលចូលភ្លាមវា នឹងលោតជារូបពណ៌ក្រហម ដែលអាចធ្វើឱ្យបានដឹងថា រូបនោះនៅទីកន្លែងណា​ ម៉ោងណាបានថតរូបនោះ ពេលបានព័ត៌មាននោះហើយ ក្រុមការងារ និង​បញ្ជូនព័ត៌មាននោះបន្ត ទៅមន្ត្រីនាយកដ្ឋាន​ដើម្បីចុះទៅពិនិត្យ និងជួសជុសកន្លែងសំបុកមាន់នោះ ហើយពេលក្រុមការងារផ្តល់ព័ត៌មានទៅនាយកដ្ឋាន ដើម្បីជួសជុលវានឹងលោតពណ៌លឿង និងពេលជួសជុលហើយថតបញ្ជូនមកវិញ វានឹងលោតជាពណ៌បៃតង ដែលបញ្ជាក់ថា បានជួសជុសរួចហើយ ដូច្នេះពេលដែលបានបញ្ចេញ App នេះទៅ អ្វីដែលប្រជាពលរដ្ឋផ្ញើមកមិនមានអ្វីដែលមិនបានធ្វើនោះទេ​។

លោកបានបញ្ជាក់ទៀតថា លោកនឹងដាក់រូបប្រធានមន្ទីសាធារណការ និង​ដឹកជញ្ជូនគ្រប់ខេត្តទាំងអស់​នៅលើ Appនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់មុខផងដែរ ហើយជារៀលរាល់ខែ នឹងដាក់បញ្ជាក់តែម្តងថា​ ខេត្តណាមានផ្លូវសំបុកមាន់ប៉ុន្មាន? ខេត្តណាមានប៉ុន្មាន?  ដើម្បីឱ្យបានដឹងទាំងអស់គ្នាតែម្តង ឱ្យប្រជាជនបានដឹងទាំងអស់គ្នា មិនអាចលាក់មុខបានទេ។ លោកបញ្ជាក់ថា លោកមិនអាចតាមមើលកិច្ចការទាំងអស់គ្រប់ខេត្តក្រុងនោះទេ មានតែពឹងលើប្រធានមន្ទីសាធារណការគ្រប់ខេត្តក្រុងទាំងអស់ ទើបអាចសម្រេចជួសជុសផ្លូវទាំងអស់ទូទាំង២៥ខេត្ត ក្រុងបានដោយជោគជ័យ៕