(ភ្នំពេញ)៖  ត្រីមាសទី៣ ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៧៤៥លើក បណ្ដាលឲ្យស្លាប់ចំនួន៣៨៣នាក់ និងរបួសចំនួន១,០២៨នាក់ អ្នកស្លាប់ភាគច្រើន នៅរាជធានីភ្នំពេញ ចំនួន៤៧នាក់ ខេត្តកំពង់ធំ ចំនួន៣៨នាក់ និងខេត្តកំពង់ស្ពឺ ចំនួន៣០៤នាក់ ចំនួនជនរងគ្រោះជាមធ្យម ក្នុងមួយថ្ងៃស្លាប់ចំនួន៤.៣នាក់ និងរបួសចំនួន១១.៤នាក់។

នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ដែលបានបង្ហាញនៅក្នុង កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រីមាសទី៣ ឆ្នាំ២០១៨ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ​ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ។

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រីមាសទី៣ ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងលោកស្នងការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ រាជធានី-ខេត្ត សរុប៥០នាក់។

ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ផងដែរថា «ដោយមានការខិតខំយកចិត្តទុកដាក់ រួមគ្នារក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ បានល្អប្រសើរពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងមន្រ្តីនៃស្ថាប័នពាក់ព័ន្ធនានា បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល៩ខែ ឆ្នាំ២០១៨ បានចំនួន៣៥៣លើក ស្មើ១៣% កាត់បន្ថយចំនួនអ្នកស្លាប់ចំនួន៤៤នាក់ ស្មើ៣% និងកាត់បន្ថយអ្នករបួស៧៩៥ ស្មើ១៩% បើប្រៀបធៀបរយៈពេលដូចគ្នា នៃឆ្នាំ២០១៧»

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានចាត់ទុកថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមយូរអង្វែង ដែលមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃ ច្រើនជាងគ្រោះថ្នាក់សង្គមផ្សេងទៀត និងមានផលប៉ះពាល់អវិជ្ជមានដល់សង្គម ដែលត្រូវយកចិត្តទុកដាក់គ្រប់ពេលវេលា ក្នុងការចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ដោយខិតខំអនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាពរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលផ្តោតលើការ អប់រំផ្សព្វផ្សាយច្បាប់ ការរឹតបន្តឹងច្បាប់ ការសង្រ្គោះជនរងគ្រោះ ការកែលម្អ និងថែទាំងផ្លូវថ្នល់ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងបានរៀបចំសេចក្តីព្រាងផែនការសកម្មភាព សកម្មភាពស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពថែមទៀត នៃការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់ឲ្យបានជាអតិបរិមា ក្នុងស្ថានភាពដែលមធ្យោបាយយានយន្ត និងប្រជាពលរដ្ឋមានកំណើនជាលំដាប់ ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានពាំនាំការណែនាំរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការទី២ នូវវិធានការនានា ក្នុងការរឹតបន្តឹង លើករណីបង្កគ្រោះថ្នាក់ ដូចជាការបើកហួសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការវ៉ាជែង ការបត់ ការមិនគោរពសញ្ញាចរាចរណ៍ និងណែនាំដល់កងកម្លាំង នគរបាលចរាចរណ៍ផ្លូវគោក ត្រូវមានវិន័យទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ក្នុងការបំពេញកិច្ចការ និងធ្វើជាគំរូល្អ ក្នុងការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសហការល្អ ក្នុងការអនុវត្តផែនការ សកម្មភាពរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាការខិតខំចលនាឲ្យមានការចូលរួម ពីប្រជាពលរដ្ឋទាំងអស់ ក្នុងបុព្វហេតុសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕