(ស៊ីងហ័រ, ជាំងស៊ូ, ចិន)៖ គណៈប្រតិភូព័ត៌មានកម្ពុជា ដែលកំពុងទស្សនកិច្ចនៅក្នុងប្រទេសចិន ដឹកនាំដោយលោក ជួន ចាន់ផារុណ មន្ត្រីក្រសួងព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានបំពេញទស្សនកិច្ចដល់ទីក្រុងស៊ីងហ័រ នៃខេត្តជាំងស៊ូហើយ។

ក្នុងដំណើរទស្សនកិច្ចនៅក្នុងទីក្រុងស៊ីងហ័រនេះ គណៈប្រតិភូព័ត៌មានកម្ពុជា ត្រូវបានអញ្ជើញឲ្យទៅទស្សនកិច្ចសិក្សាស្វែងយល់ពីចង្វាក់ផលិតកម្មនៅតាមរោងចក្រសហគ្រាសចំនួន៣ និងកន្លែងផ្តល់សេវាសាធារណៈនៅក្នុងក្រុងនេះផងដែរ។

រោងចក្រដែលបានចូលទៅបំពេញទស្សនកិច្ចនោះរួមមាន៖ រោងចក្រដំឡើង និងផលិតម៉ាស៊ីនភ្លើង ម៉ាស៊ីនបូមទឹក និងត្រាក់ទ័រផងដែរ។ រោងចក្រនេះដំឡើងម៉ាស៊ីនបានប្រមាណ ១៥០០គ្រឿងក្នុងមួយថ្ងៃ និងបាននាំចេញទៅកាន់ប្រទេសប្រមាណជា ៥០ប្រទេសលើពិភពលោក រួមមានកម្ពុជាផងដែរ។

សហគ្រាសផលិតមី។ សហគ្រាសនេះផលិតមីបានប្រមាណ ១០០លានកញ្ចប់ក្នុងមួយឆ្នាំ ហើយការបញ្ជាទិញទាំងក្នុង និងក្រៅប្រទេសមានប្រមាណ ៥០០លានកញ្ចប់។ សម្រាប់ការលក់វិញ គឺមួយកម្ចប់តម្លៃ ១០យ័ន ស្មើនឹង ១ដុល្លារកន្លះ។

បន្ទាប់ពីទស្សនកិច្ចនៅសហគ្រាសផលិតមីនេះហើយ គណៈប្រតិភូព័ត៌មានកម្ពុជា ក៏បានទស្សនកិច្ចនៅសហគ្រាសផលិតសាច់។ សហគ្រាសនេះ ក្នុងមួយថ្ងៃផលិតសាច់ និងប្រហិតវេចខ្ចប់ជាច្រើនប្រភេទបានប្រមាណ ៦០០តោន។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចដ៏ប្រញាប់ប្រញាល និងមានរយៈពេលខ្លីរបស់គណៈប្រតិភូព័ត៌មានកម្ពុជានៅក្នុងទីក្រុងនេះ គឺត្រូវបានគេអញ្ជើញទៅស្វែងយល់ពីការផ្តល់សេវាសាធារណៈរបស់ក្រុងនេះ ដែលនៅកម្ពុជាគេហៅថា «ច្រកចេញចូលតែមួយ» នោះ។

នៅកន្លែងផ្តល់សេវាសាធារណៈមានការិយាល័យផ្តល់សេវាមកពី ២៨ស្ថាប័ន ដូចជាកន្លែងចុះបញ្ជីពាណិជ្ជកម្ម កន្លែងផ្តល់អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន បណ្ណកម្មសិទ្ធិដីធ្លីជាដើម។ មានប្រជាពលរដ្ឋជាច្រើនបានមកស្វែងរកសេវាកន្លែងផ្តល់សេវាសាធារណៈមួយនេះ ហើយមន្រ្តីផ្តល់សេវាសាធារណៈក៏ញញឹមញញែមក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋផងដែរ។

បើតាមមន្រ្តីនៅទីបានឲ្យដឹងថា មានប្រជាពលរដ្ឋជាង ២ពាន់នាក់បានមករកសេវាក្នុងមួយថ្ងៃៗ។ ភាគច្រើននៃសេវាទាំងនេះ មិនមានយកប្រាក់នោះឡើយ។

សូមបញ្ជាក់ថា គណៈប្រតិភូព័ត៌មានបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនចំនួន១០ថ្ងៃមកហើយ ហើយនឹងបញ្ចប់ទស្សនកិច្ចនៅថ្ងៃទី០២ ខែវិច្ឆិកា ខាងមុខនេះ។ ក្នុងរយៈពេល ១០ថ្ងៃនេះ គណៈប្រតិភូព័ត៌មានកម្ពុជា បានទៅទស្សនកិច្ចនៅទីក្រុងចំនួន៦ (ក្រុងណាននីង, ហ្វាំងជីងកាំង, វូចូវ, ណានជីង, តៃចូវ និងស៊ីងហ័រ) នៃខេត្តក្វាងស៊ី និងជាំងស៊ូ។

គណៈប្រតិភូព័ត៌មានកម្ពុជា បានចុះទៅដល់ស្ថាប័នរដ្ឋ រោងចក្រសហគ្រាស និងមន្ទីរពេទ្យរបស់ចិនជាច្រើន ដោយបានស្វែងយល់ពីការផ្តល់សេវា ចង្វាក់ផលិតកម្ម និងភាពវិវឌ្ឍន៍រីកចម្រើននៃស្ថាប័នទាំងនោះ ហើយក៏បានផ្សព្វផ្សាយជាព័ត៌មានទៅកាន់ប្រទេសកម្ពុជាផងដែរ៕