(ភ្នំពេញ)៖ លោក លី ហុងហ្សុង (Li Hongzhong) សមាជិកការិយាល័យ និងជាលេខាបក្សកម្មុយនីស្ត នៃទីក្រុងធានជីន (Tainjin) ប្រទេសចិន បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជាមានអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ លោកលេខាបក្សកុម្មុយនីស្តក្រុងធានជីនរបស់ចិន បានប្រកាសថា ប្រទេសកម្ពុជានេះតែម្តង​ គឺជាមិត្តដែកថែបរបស់ចិន។

ការលើកឡើងរបស់ លេខាបក្សកម្មុយនីស្ត នៃទីក្រុងធានជីន (Tainjin) ប្រទេសចិន បានធ្វើឡើងក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨​នេះ ​នៅវិមានសន្តិភាព ក្នុងឱកាសដែលលោក បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។

បើតាមប្រសាសន៍ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោក លី បានគោរពនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្តេចតេជោ។ លោកបានជម្រាបជូនសម្តេចតេជោថា នេះគឺជាលើកទី១ហើយ ដែលលោក បានធ្វើដំណើរទស្សនកិច្ច មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈនេះ លោកបានមើលឃើញថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រជាជនមានជីវភាពធូរធា ប្រទេសមានសេដ្ឋកិច្ចកំពុងកើនឡើង សង្គមកំពុងមានសុដុមរនា សុខសន្តិភាព និងស្ថិរភាពផងដែរ ដែលទាំងនេះ បាននាំឲ្យសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រ និងឈ្នះឆ្នោតយ៉ាងផ្លូកទឹកផ្លូកដី។

ក្នុងឱកាសដដែលនេះ លោក លី បានថ្លែងអបអរសាទរ ចំពោះសម្តេចតេជោ និងគណបក្សប្រជាជន ដែលបានទទួលការគាំទ្រខ្លាំងពីប្រជាជន ក្នុងការបោះឆ្នោតកន្លងមក។ លោកក៏បានកោតសរសើរ ពីការដឹកនាំរបស់សម្តេចតេជោផងដែរ ដោយកម្ពុជា គឺជាមិត្តដែកថែបរបស់ចិន ហើយក៏បានកោតសរសើរផងដែរ ចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញ។

លោកបានជម្រាបជូនសម្តេចតេជោដែរថា ដំណើរទស្សនៈកិច្ច មកកាន់កម្ពុជានាពេលនេះ គឺដើម្បីជម្រុញរវាងថ្នាក់ដឹកនាំ និងប្រជាជន ចិននិងកម្ពុជាផង និងដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរផង ជាពិសេសរវាងទីក្រុងធានជីន និងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្តែង នូវការអបអរសាទរ ខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ របស់លោកប្រធានាធិបតី ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ជូនចំពោះសម្តេចនាពេលនេះ ហើយសម្តេចក៏ថ្លែងអំណរគុណផងដែរ ចំពោះការអបអរសាទរ ជូនដល់គណបក្សប្រជាជនកម្ពុជា និងសម្តេចផ្ទាល់ ដែលបានទទួលជោគជ័យអំពីការបោះឆ្នោតកន្លងមក។ ឆ្លៀតឱកាសនោះ សម្តេចក៏បានថ្លែងការអបអរសាទរផងដែរ ចំពោះប្រជាជនចិន ដែលទើបតែបានសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានដែលវែងជាងគេលើពិភពលោក ដែលមានប្រវែងប្រមាណ៥០គីឡូម៉ែត្រ។ សម្តេចបានលើកឡើងថា ពីអតីតកាលចិនមានមហាកំផែង ហើយពេលបច្ចុប្បន្ន ចិនមានមហាស្ពានមួយទៀត។

សម្តេចតេជោ បានយល់ស្របជាមួយនឹងអ្វី ដែលលោកលី បានលើកឡើង ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចបានថ្លែង នូវការអបអរយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពរវាងទំនាក់ទំនងកម្ពុជា-ចិន គឺបានវិវត្តន៍ជារៀងដរាបមក រហូតមកដល់ដំណាក់កាល ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយមកដល់ពេលនេះ គឺជាមិត្តដែកថែបថែមទៀត៕