(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជា អធិបតីនៅក្នុងពិធីក្រុងពាលីបើកកាដ្ឋានជួសជុល និងសាងសង់អាងហែលទឹកឡើងវិញនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ ជាច្រើននាក់ផងដែរ។

អាងហែលទឹក និងអាងលោកទឹក នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មានមានប្រវត្តិដូចតទៅដូចជា៖

ទី១៖ ឆ្នាំ១៩៦៥ ជាការចាប់ផ្តើមសាងសង់ពហុកីឡដ្ឋានជាតិ រួមជាមួយអាងហែលទឹក

ទី២៖ ឆ្នាំ១៩៦៧ ចាប់ផ្តើមដំណើរការបើកអាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិ ក៏ដូចជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡា Games Ganefo អាស៊ីលើកទី១។ អាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ គឺជាអាងហែលទឹក មានលក្ខណៈស្តង់ដារកម្រិតអន្តរជាតិមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា នាពេលនោះ ដោយមានខ្នាត ២១ម៉ែត្រ គុណនឹង៥០ម៉ែត្រ ស្មើនឹង០៨ ខ្សែបន្ទាត់ ព្រមទាំងមានអាងលោតទឹកមួយ មានឈ្នាន់លំនឹងសម្រាប់លោតកម្ពស់ ១០ម៉ែត្រ ។

ទី៣៖ ឆ្នាំ១៩៦៧-១៩៧៣ អាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិ គឺមានសកម្មភាពប្រកួត ជាពានរង្វាន់ជ្រើសរើសជើងឯកទាំងហែលទឹក លោតទឹក របាំក្នុងទឹក និងបាល់ លេងក្នុងទឹកជារៀងរាល់ឆ្នាំនោះ ហើយក៏បានប្រកួតមិត្តភាពអន្តរជាតិហែលទឹក រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិប្រទេសបារាំង។ វិញ្ញាសាលោតទឹក ហែលទឹកកម្ពុជាមានលទ្ធផលល្អល្បីនៅអាស៊ីអាគ្នេយ៍ ដោយសារ យើងមានកន្លែងហ្វឹកហាត់ជាលក្ខណៈអន្តរជាតិក្នុងពហុកីឡដ្ឋានជាតិ ។

ទី៤៖ ឆ្នាំ១៩៧៥-១៩៧៩ អាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិ ត្រូវបានខូចខាតដោយសារ សង្គ្រាមក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (របបប៉ុលពត) ។

ទី៥៖ ឆ្នាំ១៩៨០-១៩៩០ លោកព្រឹទ្ធាចារ្យ ហែម ថុន និងលោកព្រឹទ្ធាចារ្យ ផាត់ សំអ៊ុន រួមទាំងមន្រ្តីមួយចំនួន បានស្តារស្ថានភាពក៏ដូចជារៀបចំនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអាងហែលទឹក ឱ្យមានភាពល្អប្រសើរឡើងវិញ ។

ទី៦៖ ឆ្នាំ១៩៩០ អាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិ ត្រូវបានខូចខាតផ្នែកអគ្គិសនី និងប្រព័ន្ធបង្ហូរទឹក ។

ទី៧៖ ឆ្នាំ១៩៩១-២០០០ ខាងស្ថានទូតអូស្រ្តាលីបានឧបត្ថម្ភម៉ាស៊ីនភ្លើង និងកែសម្រួលសម្ភារៈដែលខូច ខាតបានមួយចំនួន ឱ្យមានភាពប្រសើរឡើងវិញ ។

ទី៨៖ ឆ្នាំ២០០០-បច្ចុប្បន្ន ទាំងម៉ាស៊ីនភ្លើង ទាំងទុយោបង្ហូរទឹក ក៏ដូចជាគ្រឿងបរិក្ខារប្រើប្រាស់មូយចំនួនបាន ខូចខាតទាំងស្រុង មិនអាចប្រើប្រាស់បានទៀតឡើយ ។ អាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិបច្ចុប្បន្ននៅសល់ត្រឹមតែ តួអាង និងកន្លែងសម្រាប់អង្គុយទស្សនា ដោយត្រូវការផ្លាស់ប្តូរទឹកក្នុងអាងគឺត្រូវ ប្រើម៉ាស៊ីនបូមដោយកម្លាំងមនុស្ស ៕