(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំជាមួយអន្តរក្រសួងស្ថាប័ន នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាគ្នាអំពីការរៀបចំពិព័រណ៍តាមវិស័យនានា ក្នុងឱកាសរាជរដ្ឋាភិបាលកម្ពុជារៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាខាងលើ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មហាព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ដោយរាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ ពិសេសមហាពិធីបុណ្យមួយនេះ ក៏ធ្វើឡើងរួមជាមួយថ្ងៃឆ្លងឆ្នាំសកលនៅថ្ងៃទី៣១ ធ្នូ ផងដែរ ដូច្នេះនេះក៏ជាឱកាសកម្សាន្តសប្បាយផ្ទួនៗគ្នាតែម្ដង។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងរយៈពេល៣ថ្ងៃ នៃមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានទាំងសកម្មភាពពិព័រណ៍យោធា ពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិតផលតាមរាជធានីខេត្ត សកម្មភាពកីឡា ការសម្ដែងសិល្បៈវប្បធម៌ ការប្រគំតន្ត្រីជាដើម។

លោកបញ្ជាក់ថា ការបើកកិច្ចប្រជុំពិភាក្សានេះធ្វើឡើងក្រោយពីរាជរដ្ឋាភិបាល បានចាត់តាំងបង្កើត «គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន» ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន ហើយសម្តេចពិជ័យសេនា ក៏បានប្រគប្រគល់ភារកិច្ចឱ្យក្រសួងទេសចរណ៍ ក្នុងនាមគណៈកម្មការអន្តរក្រសួងខាងលើ ដឹកនាំការរៀបចំពិព័រណ៍តាមវិស័យទាំងឡាយ បន្ថែមពីលើភារកិច្ចរបស់អនុគណៈកម្មការរៀបចំពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ កីឡា និងពិធីឆ្លងឆ្នាំសកល។

ក្នុងកិច្ចប្រជុំនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធក៏មានការរីករាយណាស់ ដែលទទួលបានឱកាសចូលរួមតាំងពិព័រណ៍ ក្នុងមហាពិធីបុណ្យជាប្រវិត្តសាស្ត្រនេះ។

លោក ថោង ខុន បានបន្ថែមទៀតថា ក្រសួង-ស្ថាប័ននីមួយៗនឹងទទួលបានស្ដង់ពិព័រណ៍ទំហំ ៣ម៉ែត្រគុណ៦ម៉ែត្រផងដែរ ដែលសរុបទាំងអស់ប្រហែល ៣០ស្តង់ ដើម្បីរៀបចំការតាំងពិព័រណ៍រៀងៗខ្លួនឱ្យបានល្អប្រសើរ។

ដោយឡែក ពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍ម្ហូបអាហារ និងពិព័រណ៍ផលិតផលតាមខេត្ត មានប្រហែល៥០០ស្ដង់ (ដែលមានការចូលរួមពីមិត្តភក្តិបរទេសផងដែរ)៕