(ព្រះវិហារ)៖ នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ មានការភ្ញាក់ផ្អើលទាំងប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់នៅខេត្តព្រះវិហារ បន្ទាប់ពីពួកគេបានលឺសំឡេងផ្ទុះដ៏កក្រើកមួយ​នៅលើអាកាស ក្នុងភូមិសាស្ដ្រស្រុកគូលែន រួចហើយបានប្រទះឃើញបំណែកជាប្រភេទអាលុយមីញ៉ូម និងជ័រធ្លាក់មករាយប៉ាយនៅលើដី និងបំណែកខ្លះទៀតធ្លាក់នៅចំដំបូងផ្ទះប្រជាពលរដ្ឋតែម្ដង។

រហូតមកដល់ពេលនេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ច មិនទាន់អាចសន្និដ្ឋានយ៉ាងច្បាស់ថា តើបំណែកទាំងនេះជាអ្វីពិតប្រាកដនោះទេ គ្រាន់តែចាត់ទុកថា ជាបំណែកយាន្ដម្យ៉ាង ខណៈដែលមជ្ឈដ្ឋានជាច្រើន រួមទាំងប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ចាត់ទុកថា ជាបំណែកយន្ដហោះ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលាម៉ោង០៦៖២០នាទីព្រឹកមិញ ក្នុងភូមិសាស្ដ្រឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ហើយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បូកទាំងប្រជាពលរដ្ឋផងនោះ បានស្វែងរកបំណែកយាន្ដធ្លាក់មកលើដី ចំនួន៩គោលដៅ ខ្លះធ្លាក់មកលើដីឡូត៍ ខ្លះធ្លាក់ចំដីចំការ និងខ្លះទៀតចំដំបូលផ្ទះប្រជាពលរដ្ឋតែម្ដង។

ជុំវិញហេតុការណ៍ដ៏កម្រនេះ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ពេលនេះមន្ដ្រីជំនាញគ្រប់លំដាប់ថ្នាក់ មិនទាន់អាចសន្និដ្ឋានថា បំណែកទាំងនេះជាអ្វីពិតប្រាកដនោះទេ បើទោះបីប្រជាពលរដ្ឋសង្ស័យថា ជាបំណែកយន្ដហោះនោះ ពោលក្រុមការងារជំនាញ បានរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីស៊ើបអង្កេតបន្ដទៅទៀត។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយមានសំឡេងផ្ទុះនៅលើអាកាស ក្រុមការងារទាំងអស់ បានរកឃើញបំណែកយាន្ដដែលផ្ទុះនេះ ធ្លាក់រាយប៉ាយក្នុងភូមិសាស្ដ្រស្រុកគូលែន ប៉ុន្ដែបំណែកដែលជាប្រភេទអាលុយមីញ៉ូម និងជ័រ ដែលមានទម្ងន់ជាង៤០គីឡូក្រាម មិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សសត្វនោះទេ គ្រាន់តែខូចខាតដំបូលផ្ទះមួយចំណែក របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកគូលែន លោក ឡាញ់ លីស៊ីវឡេង បានបង្ហាញថា ក្រោយមានសំឡេងផ្ទុះខាងលើនេះ ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ បានធ្វើការស្រាវជ្រាវរុករកបំណែកយាន្ត ដែលធ្លាក់មកលើភូមិសាស្ត្រឃុំស្រយ៉ង់ ដោយបានរកឃើញបំណែកយាន្តចំនួន០៩គោលដៅ ដែលធ្លាក់មកលើដីឡូតិ៍ ដីចម្ការ និងចំដំបូលផ្ទះរបស់ប្រជាពលរដ្ឋចំនួន០១ខ្នងរួមមាន៖

*ទី១៖ ចំណុចផ្សារអីថន ស្ថិតក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ ចំនួន០២ដុំទម្ងន់០,៦០ក្រាម
*ទី២៖ ចំណុចដីឡូតិ៍ផ្ទះរបស់ឈ្មោះ កេន កាន់ ភូមិស្រយង់ជើង ឃុំស្រយង់ ចំនួន១ដុំ ទំហ៊ំ០,៩០x០,៨១ ទម្ងន់៧,៥០គីឡូក្រាម
*ទី៣៖ លើដំបូលផ្ទះរបស់ឈ្មោះ អ៊ឹម ហាក់ ភូមិស្រយង់ត្បូង ចំនួន១ដុំទម្ងន់១,៣០គីឡូក្រាម ទំហ៊ំ១,២៣x៥ហ៊ុន
*ទី៤៖ ដីចម្ការរបស់ឈ្មោះ ឃុន មុត ភូមិស្រយង់ត្បូង ទម្ងន់១២គីឡូក្រាម
*ទី៥៖ ចំណុចដីឡូតិ៍របស់ឈ្មោះអៀម កាក់ ភូមិស្រយង់ជើង ទម្ងន់២គីឡូក្រាម
*ទី៦៖ ដីឡូតិ៍របស់ឈ្មោះ បូ ជី ភូមិស្រយង់ជើង ចំនួន១ដុំ១,៥០គីឡូក្រាម
*ទី៧៖ ចំណុចជ្រៃក្ងោក ក្នុងចម្ការរបស់ឈ្មោះតាគង់ ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ចំនួន១ដុំ ទម្ងន់៧គីឡូក្រាម
*ទី៨៖ ចំណុចខ្នាវាំង ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ក្នុងស្រែរបស់ឈ្មោះ ឌី សិដ្ឋ ចំនួន១ដុំទម្ងន់២,៥០គីឡូក្រាម
*ទី៩៖ ចំណុចស្រែផុង ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ក្នុងស្រែរបស់ឈ្មោះ ឃីន តាប់ ចំនួន១ដុំប្រវែង២,៥០ ទម្ងន់៨គីឡូក្រាម៕