(ណាននីង, ចិន)៖ វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដ៏ល្បីមួយរបស់ចិន ស្ថិតនៅក្នុងក្រុងណាននីង ខេត្តក្វាងស៊ី ចង់មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់និស្សិតកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការធនធានមនុស្សលើផ្នែកឧស្សាហកម្ម និងហូបនីយកម្មដែលកំពុងមានការរីកចម្រើនខ្លាំង។

លោក Su Huaging ប្រធានការិយាល័យ នៃវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសក្រុងណាននីង បានថ្លែងមកកាន់គណៈប្រតិភូព័ត៌មានកម្ពុជាអំឡុងពេលបំពេញទស្សនកិច្ចនៅក្នុងវិទ្យាស្ថាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងលើវិស័យឧស្សាហកម្ម និងហូបនីយកម្ម ដែលទាមទារឲ្យមានការបណ្តុះបណ្តាលឲ្យបានច្រើនទៅលើជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកផ្សេងៗឆ្លើយតបទៅនឹងការរីកចម្រើននេះ។

លោក Su Huanging បានអះអាងថា បច្ចុប្បន្នវិទ្យាស្ថានទើបតែមានកិច្ចសហប្រតិបត្តិការជាមួយកុងស៊ុលខ្មែរនៅទីក្រុងណាននីង ប៉ុន្តែមិនទាន់បានស៊ីជម្រៅនៅឡើយ។ ថ្នាក់ដឹកនាំនៃវិទ្យាស្ថានរូបនេះ ចង់បានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់និស្សិតរបស់កម្ពុជា។

តាមរយៈគណៈប្រតិភូព័ត៌មាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់កម្ពុជា លោក Su Huanging រំពឹងថា នឹងជួយផ្សព្វផ្សាយព័ត៌មានមួយនេះទៅដល់រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា ដើម្បីបើកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលទាំងនេះឲ្យកាន់តែទូលំទូលាយថែមទៀត។ សម្រាប់លោក Su Huanging គឺរង់ចាំជានិច្ចក្នុងការសហការជាមួយកម្ពុជាលើការបណ្តុះបណ្តាលដែលជាជំនាញដ៏ចាំបាច់សម្រាប់ធនធានមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។

លោក Chen Peihua តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា និងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ច និងយកព័ត៌មាននេះ ក៏បានបង្ហាញក្តីរំពឹងថា នឹងមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងវិទ្យាស្ថានខាងលើនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបានថ្លែងបង្ហាញពីកង្វះផ្នែកធនធានវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ទីផ្សារការងារ ហើយតែងបានជំរុញឲ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាលបន្ថែមទៀតទៅលើជំនាញនេះផងដែរ។ ដូច្នេះការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែច្រើន និងកាន់តែសកម្មលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាការឆ្លើយតបជាចាំបាច់សម្រាប់បរិបថកម្ពុជាកំពុងជំរុញលើវិស័យឧស្សាហកម្ម និងហូបនីយកម្មនេះ។

បើតាមលោក Su Huanging បានឲ្យដឹងថា វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសក្រុងណាននីង បានបង្កើតឡើងនៅឆ្នាំ១៩៨៤ ដោយបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៥៨ជំនាញ ហើយសិស្សជាច្រើនម៉ឺននាក់បានចេញពីវិទ្យាស្ថាននេះទៅបម្រើការងារជួយដល់សង្គម និងនៅតាមសហគ្រាសនានា។ វិទ្យាស្ថាននេះ ក៏ទទួលបានពានរង្វាន់ជាច្រើនពាក់ព័ន្ធនឹងគុណភាពនៃការអប់រំរបស់ខ្លួនផងដែរ។

បច្ចុប្បន្នវិទ្យាស្ថានក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសជាច្រើនផ្សេងទៀត៕