(ភ្នំពេញ)៖ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយ និងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុចរចាគ្នា។

គេមិនអាចបំភ្លេចបាននោះទេថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផល ដែលផ្ដើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរទាំងពីររូប គឺសម្ដេចនរោត្ដមសីហនុ (ព្រះបរម រតនកោដ្ឋ) ដែលជាប្រមុខ នៃក្រុមខ្មែរត្រីភាគី និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតំណាងឱ្យរដ្ឋកម្ពុជា។

ដោយឡែក ពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា នេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បានបញ្ចេញទស្សនៈខ្លះផងដែរ ដោយលោកអះអាងថា «សេចក្តីព្រមព្រៀងសន្តិភាពរវាងភាគីជម្លោះខ្មែរ និងខ្មែរ គឺជានិម្មិតរូបនៃឯកភាព ឯករាជ្យ និងអធិបតេយ្យជាតិ»។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា សេចក្តីព្រមព្រៀងសន្ដិភាពរវាងភាគីជម្លោះប្រដាប់អាវុធ កម្ពុជា ដែលធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាសមិទ្ធផលរបស់អ្នកផ្ដួចផ្ដើមគំនិត រវាងស្ថាបនិកទាំងពីរ ដែលមានសម្តេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វីរបុរសរដ្ឋទាំងពីរនេះបានជួបពិភាក្សាគ្នា ចាប់ផ្តើមនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ គឹដើម្បីសន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ។

លោកបានលើកឡើងថា សេចក្តីព្រមព្រៀងសន្ដិភាពរវាងភាគីជម្លោះប្រដាប់អាវុធភាគីខ្មែរ និងខ្មែរ បានឯកភាពគ្នា នៅក្នុងស្មារតី និងខ្លឹមសាររួមដែលត្រូវបានឯកភាព ដាក់បញ្ចូល នៅក្នុងស្មារតីនៃអត្ថបទរដ្ឋធម្មនុញ្ញកម្ពុជា។ សេចក្តីព្រមព្រៀងសន្ដិភាពរវាងភាគីជម្លោះខ្មែរ និងខ្មែរ មិនមែនជាសន្ធិសញ្ញាអន្តរជាតិនោះទេ ទោះបីជាអន្តរជាតិ មានកាតព្វកិច្ចប្តេជ្ញាចូលរួមស្តារឡើងវិញ និងអភិវឌ្ឍន៍កម្ពុជាបន្ទាប់ ពីការលុកលុយ អធិបតេយ្យ និងទាញកម្ពុជាធ្លាក់ក្នុងសង្រ្គាមមនោគម និងភូមិសាស្រ្តនយោបាយ។

អ្នកនាំពាក្យរូបនេះ ​បានថ្លែងទៀតថា រាជរដ្ឋាភិបាល មានកាតព្វកិច្ច ជាអាទិភាព ក្នុងកិច្ចអនុវត្តទៅតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា លើកលែងតែសេចក្ដីព្រមព្រៀងអន្តរជាតិណាមួយ ដែលទទួលបានសច្ចាប័នពីរដ្ឋសភាកម្ពុជាតែមួយគត់។ ដូចនេះសេចក្តីព្រមព្រៀងសន្តិភាពរវាងភាគីជម្លោះខ្មែរ និងខ្មែរ គឺជានិម្មិតរូប នៃឯកភាព ឯករាជ្យ និងអធិបតេយ្យជាតិ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញស្រាប់ និងជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានចែងនៅក្នុងមាត្រា៥២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងកិច្ចថែរក្សា និងការពារ។ យើងបានចាំថា អន្តរជាតិទទួល
ស្មគ្រ័ចិត្ត ក្នុងកិច្ចអនុវត្តកាតព្វកិច្ចរបស់ខ្លួន៖ ក្រៅពីការស្ដារឡើងវិញ និងការចូលរួមការអភិវឌ្ឍរបស់កម្ពុជា គឺការគោរព ឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា។

សូមបញ្ជាក់ថា មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីស ជំនួបរវាងឥស្សរជននយោបាយទាំងពីរបានប្រព្រឹត្តិទៅរហូតដល់ទៅ៥លើកគឺ៖

*ទី១៖ ជំនួបលើកទី១ នៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង
*ទី២៖ ជំនួបលើកទី២ នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង
*ទី៣៖ ជំនួបលើកទី៣ នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នាទីក្រុង Fère-en-Tardenois ប្រទេសបារាំង
*ទី៤៖ ជំនួបលើកទី៤ នៅថ្ងៃទី២៤-៣០ កក្កដា ១៩៨៩ នៅទីក្រុង សែនសាំងខ្លូដ ប្រទេសបារាំង
*ទី៥៖ ជំនួបលើកទី៥ ថ្ងៃទី១៧ កុម្ភៈ ១៩៩០ នៅផ្ទះនាយករដ្ឋមន្ត្រីថៃ ឆាធីឆៃ នៅទីក្រុងបាងកក ប្រទេសថៃ៕