(តួកគី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគី ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី។

នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដ៏ជោគជ័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

*នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចូលជួបសម្តែងការគួរសមជាមួយលោក ប៊ីណាលី យីលឌីរីម ប្រធានរដ្ឋសភាតួកគី។ លោក យីលឌីរីម បានរៀបចំអាហារការងារថ្ងៃត្រង់ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលកិច្ចពិភាក្សានៅក្នុងឱកាសនោះ គឺផ្តោតជាសំខាន់ទៅលើការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោក យីលឌីរីម បានប្តេជ្ញាចិត្តក្នុងការជម្រុញការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ និងទំនាក់ទំនងរវាងរដ្ឋសភា នៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការជម្រុញ ធ្វើឲ្យកាន់តែមានប្រសិទ្ធិភាពនូវក្រុមមិត្តភាពអន្តរសភាកម្ពុជា-តួកគី ក៏ដូចជា បន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌស្ថាប័នសន្និបាតសភាអាស៊ី និងសហភាពអន្តរសភា។

*នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតី រ៉េជីប ថាយយ៉ីប អ៊ែរឌូហ្គាន់។ ប្រធានាធិបតី អ៊ែរឌូហ្គាន់ បានសំដែងនូវការអបអរសាទរ យ៉ាងកក់ក្តៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងសារជាថ្មី ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតបវិញ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានអបអរសាទរចំពោះប្រធានាធិបតី ដែលបានទទួលជ័យជំនះ ក្នុងការបោះឆ្នោតនាពេលកន្លងមក។

ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ជាពិសេស លើការលើកកម្ពស់ការជឿជាក់ និងទំនុកចិត្តផ្នែកនយោបាយ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ពីជំហររួម ក្នុងការប្រឆាំងការផ្លាស់ប្តូររដ្ឋាភិបាលស្របច្បាប់ តាមរយៈដំណើរការណាមួយដែល មិនប្រជាធិបតេយ្យ និងបានសន្យាពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យប្រឆាំង ភេវរកម្ម និងសន្តិសុខ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវសំណើមួយចំនួន សម្រាប់ការគាំទ្រ និងសម្របសម្រួលពីរដ្ឋាភិបាលតួកគី រួមមាន៖ ការត្រៀមរៀបចំសម្រាប់ការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុង អង់ការ៉ានាឆ្នាំក្រោយ, ជើងយន្តហោះដឹកអ្នកដំណើរត្រង់មកកម្ពុជា អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា និងការទិញផលិតផលកសិកម្មរបស់កម្ពុជា។ ជាការឆ្លើយតប ប្រធានាធិបតី អ៊ែរឌូហ្គាន់ បានទទួលយកសំណើទាំងនេះ ហើយនឹងចាត់អាជ្ញាធរពាក់ព័ន្ធឲ្យធ្វើការសិក្សាលំអិត និងបានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងអាចធ្វើប្រតិបត្តិការដឹកអ្នកដំណើរហោះត្រង់មកកម្ពុជានាពេលអនាគត។

ថ្នាក់ដឹកនាំទាំងពីរ បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការបន្តផ្តល់ការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ នៅក្នុងបរិបទនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី ដែលបានគាំទ្រកម្ពុជាធ្វើជាសមាជិក ECOSOC និងបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតី អ៊ែរឌូហ្គាន់ ដែលបានសន្យាគាំទ្រមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន នៅរាជធានីភ្នំពេញ។

ដោយសង្កត់ធ្ងន់អំពីសារសំខាន់ នៃការបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងអង់ការ៉ា សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនប្រធានាធិបតី អ៊ែរឌូហ្គាន់ ថា ស្ថានទូតនេះនឹងក្លាយជាមូលដ្ឋានដ៏រឹងមាំ សម្រាប់កម្ពុជាចាក់ឬស ក្នុងការកសាងទំនាក់ទំនងរយៈពេលវែង ជាមួយតួកគី។

នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសតួកគី ដែលក្នុងខណៈនេះផងដែរ ប្រធានាធិបតីតួកគី ក៏បានបង្ហាញពីបំណង ក្នុងការមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយរំពឹងថា នឹងបានឃើញនូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងទាំងអស់ ដែលបានចុះហត្ថលេខានៅក្នុងថ្ងៃនេះ។ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញ ពីក្តីសង្ឃឹមយ៉ាងមុតមាំ និងបានឯកភាពគ្នាក្នុងការបង្កើនបរិមាណពាណិជ្ជកម្មទ្វេភាគី ឲ្យឈានទៅដល់ មួយពាន់លានដុល្លារនៅពេលខាងមុខ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានាធិបតី អ៊ែរឌូហ្គាន់ បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង/អនុស្សរណៈ ចំនួនប្រាំបី ដូចខាងក្រោម ៖

*ទី១៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌
*ទី២៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ
*ទី៣៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា
*ទី៤៖ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
*ទី៥៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក
*ទី៦៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍
*ទី៧៖ កិច្ចព្រមព្រៀងស្តីពីការជម្រុញ និងការការពារទៅវិញទៅមកនៃវិនិយោគ និង
*ទី៨៖ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រ្គោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនតួកគី។

*ក្រៅអំពីដំណើរទស្សនកិច្ចការងារនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-តួកគី។ ដោយផ្អែកលើកិច្ចព្រមព្រៀងស្តីពីការលើកកំពស់ និងការការពារវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទំនិញដែលផលិតនៅកម្ពុជា មិនមែនសម្រាប់តែប្រើប្រាស់ទីផ្សារក្នុងស្រុក ដែលមានប្រជាជនជាង១៦លាននាក់នោះទេ ប៉ុន្តែទំនិញនេះអាចត្រូវបាននាំចេញមកលក់ដល់ទីផ្សារអនុតំបន់ទន្លេមេគង្គ ដែលមានប្រជាជន២៥០លាននាក់ និងទីផ្សារអាស៊ាន ដែលមានអ្នកប្រើប្រាស់ប្រហែល៦៣០លាននាក់។

ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នាពេលអនាគតនៅអាស៊ីបូព៌ា នឹងរួមមាន ទីផ្សារដែលមានអ្នកប្រើប្រាស់ដល់ទៅ៣ពាន់លាននាក់។ យើងអាចចូលទៅកាន់ទីផ្សារសំខាន់ៗផ្សេងទៀត នៅទូទាំងពិភពលោក។

*សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសតួកគីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅផងដែរ៕