(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល​ រៀបចំពិធីអុំទូករយៈពេល០២ថ្ងៃ នៅក្រុងតាខ្មៅ ដែលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ដើម្បីអបអរសាទរព្រះរាជពិជីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងចូលមកដល់ថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានថ្លែងថា ពិធីអុំទូកនៅពេលនេះ មានទូកចូលរួមប្រកួតប្រជែងចំនួន៥៩ទូក ក្នុងនោះខ្នាតអន្ដរជាតិ មានចំនួន១៦ទូក, ទូកផ្កាចារ ចំនួន១៦ទូក និងទូកអុំបុរសចំនួន២៣ទូក ដែលមកពីក្រុងតាខ្មៅ មានចំនួន២៤ទូក,​ ស្រុកកោះធំ ចំនួន២ទូក, ស្រុកកៀនស្វាយ ចំនួន៤ទូក, ស្រុកល្វា​ឯម ចំនួន៥ទូក, ស្រុកមុខកំពូល ចំនួន៤ទូក, ស្រុកខ្សាច់កណ្ដាល ចំនួន៥ទូក, ស្រុកពញាឮ ចំនួន៥ទូក, ស្រុកស្អាង ចំនួន៤ទូក និងខេត្តកំពង់ចាម ចំនួន៣ទូក, រាជធានីភ្នំពេញ ចំនួន៣ទូក។ រីឯកីឡាករដែលអញ្ជើញចូលរួម សរុបមានចំនួន២,៦១៤នាក់។

លោក ម៉ៅ ភិរុណ បានបញ្ជាក់ថា ព្រឹត្តិការណ៍អុំទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រាប់រយៈពេល២ថ្ងៃនេះ ប្រព្រឹត្តិទៅស្របពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងប្រារព្ធទិវា រំលឹកខួបនៃកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស ហើយក៏ស្របពេលដែលពុទ្ធសាសនិកទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជាទាំងមូល នឹងរៀបចំនូវពិធីបុណ្យចេញព្រះវស្សា ដែលនឹងចូលមកដល់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ។

បើតាមលោកអភិបាលខេត្ត ព្រះរាជពិធីបុណ្យអុំទូក មានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ ហើយត្រូវបានព្រះមហាក្សត្រ និងប្រជារាស្ដ្រខ្មែរ ប្រារព្ធធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ភិរុណ ក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីទូកទាំងអស់ ត្រូវចេះរក្សាមិត្តភាព សាមគ្គីភាព សុខភាព ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះពីការប្រកួត សម្រាប់ជាកិត្តិយសជូនភូមិ ស្រុក ហើយសូមគោរពឲ្យបាននូវបទបញ្ជា និងលក្ខន្ដិកៈនៃការប្រកួត ដែលកំណត់ដោយគណៈកម្មការរៀបចំពិធី៕