(ភ្នំពេញ)៖​ គូសង្សារមួយគូបានស្មោះស្ម័គ្រស្រលាញ់គ្នាអស់រយៈពេលជាង​៣ឆ្នាំ​ ខណៈឪពុកម្តាយខាងប្រុសមិនពេញចិត្ត​ រួចក៏ឈ្លោះប្រកែតគ្នា ហើយបែកបាក់គ្នាបាន​៣ខែ។ ចំណែកខាងប្រុស ដោយសារឃើញខាងស្រី ជិះម៉ូតូជាមួយសង្សារថ្មី ក៏ឃាត់ហៅមកជិះម៉ូតូជាមួយខ្លួន និងបានឌុបមកដល់ចំណុចស្ពានបាឡេ​ រួចក៏ផ្តួលម៉ូតូចោល ហើយលោតទឹកសម្លាប់ខ្លួនតែម្តង។

ហេតុការណ៍ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង​២៖០០រសៀល ថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០១៨​ នៅចំណុចលើស្ពានបាឡេ ស្ថិតក្នុងភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

បុរសជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សាំង សុរៈ​ អាយុ​២១ឆ្នាំ ស្នាក់នៅម្តុំជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ។ ចំណែកនារីជាសង្សារមានឈ្មោះ អ៊ា ឆៃលី អាយុ​១៩ឆ្នាំ មុខរបរ​ ជានិស្សិត​ វ៉ាន់ដាគណនេយ្យ​ឆ្នាំទី១ ស្នាក់នៅសង្កាត់បឹងទំពន់ទី២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

នារីដែលជាសង្សារចាស់​ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា បុរសរងគ្រោះ​ និងនាងបានស្រលាញ់គ្នា ក្នុងនាមជាសង្សាររយៈពេលជាង​៣ឆ្នាំមកហើយ រឿងនេះក៏បានដឹងដល់ឪពុកម្តាយ ទាំងសងខាង ប៉ុន្តែឪពុកម្តាយខាងប្រុសមិនពេញចិត្តនាងទេ។ ក្រោយមក​ទាំង​២នាក់ បានឈ្លោះប្រកែតគ្នា រហូតឈានដល់ការបែកបាក់គ្នា រយៈពេលជាង​៣ខែមកហើយ រួចនាងក៏មានសង្សារថ្មីទៀតដែរ។

នារីដែលជាសង្សារបានបន្តថា មុនពេលកើតហេតុ រូបនាង​បានជិះម៉ូតូជាមួយសង្សារថ្មី​ នៅម្តុំតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ។ ខណៈពេលកំពុងតែជិះម៉ូតូឌុបគ្នា​ ស្រាប់តែលេចមុខបុរសជាសង្សារចាស់ ដែលបានបែកគ្នារយៈពេល​៣ខែមកហើយនេះ។​

ពេលបានជួបគ្នានេះ ជនរងគ្រោះ​ឃាត់នាងឲ្យឈប់ម៉ូតូ​ រួចហើយហៅនាងឲ្យជិះម៉ូតូជាមួយខ្លួនវិញ​ ដោយសារនាងមិនចង់ឲ្យមានរឿងវែងឆ្ងាយ ក៏សម្រេចចិត្តឡើងជិះម៉ូតូជាមួយជនរងគ្រោះ​។ លុះពេលជិះម៉ូតូឌុបគ្នា មកដល់លើស្ពានបាឡេ បុរសរងគ្រោះបានផ្តួលម៉ូតូ​ ហើយឡើងលើបង្កាន់ដៃស្ពាន លោតចុះមកខាងក្រោម​សម្លាប់ខ្លួន​ ហើយនារីដែលជាសង្សារ ក៏លោតទៅតាមក្រោយ​ តែត្រូវបានប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពាននោះឃើញ បានចាប់ឃាត់នាងមិនឲ្យលោតសម្លាប់ខ្លួន​ ដោយបន្សល់ទុកម៉ូតូ​ មួយគ្រឿងនៅលើស្ពាន។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ​ បាននាំខ្លួននារីខាងលើមកធ្វើការសួរនាំ នៅប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីចង់ដឹងពីមូលហេតុ។ ក្រោយបញ្ចប់ការសួរនាំរួចមក​ សមត្ថកិច្ចបានទំទាក់ទងទៅក្រុមគ្រួសារទាំង២ខាងលើ​ មកទទួលយកកូនស្រី​ និងស្វែងរកសពជនរងគ្រោះ ដែលលិចទឹកបាត់នោះ៕