(អ៉ីស្តានប៊ុល)៖ តួកគីជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ពិភពលោក។ តូកគីមានប្រជាជនប្រមាណ៨០លាននាក់។ ក្នុងឆ្នាំ២០១៧ តួកគីមានប្រជាជនធ្វើដំណើរទេសចរចេញ ក្រៅប្រទេសចំនួន១៤.៥លាននាក់។ ភាគច្រើនធ្វើដំណើរទៅកាន់អឹរ៉ុបនិងអាស៊ី (ដែលភាគច្រើនមកសិង្ហបុរី និង ថៃឡង់ដ៏)។ ឆ្នាំ២០១៧ទេសចរតួកគីមកកម្ពុជាមាន៨៥០០នាក់ ក្នុង កំណើន២២.៧%។ ឆ្នាំ២១០៧ តួកគីទាក់ទាញបានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាជាង ៣២.៤១លាននាក់ ក្នុងកំណើន ២៧,៨៤% ជាមួយនឹងចំណូលប្រមាណ ២៧ពាន់លានដុល្លារអាមេរិក។ ក្នុង រយៈពេល៨ខែ ដើមឆ្នាំ២០១៨ តួគីទទួលបានទេសចរអន្តរជាតិជាង២២លាននាក់។ នៅឆ្នាំ២០២៣ តួកគីរំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ៥០លាននាក់ និងមានចំណូលប្រមាណ៥០ពាន់លានដុល្លារអាមេរិកពីទេសចរណ៍។ ទេសចរអន្តរជាតិចូលមកទស្សនាតួកគី ភាគច្រើនគឺ រុស្សី អាល្លឹម៉ង់ អង់គ្លេស ហ្សកហ្សា និង ប្រជាជនតួកគីនៅក្រៅប្រទេស (ប្រមាណ១៦%)

បច្ចុប្បន្ន Turkish airlines បានភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងអ៉ីស្តានប៊ុល មកកាន់តំបន់អាស៊ានភាគច្រើនតាមរយៈជើងហោះហើរមកម៉ាឡេស៊ី (រយៈពេល១០ម៉ោង៣៥នាទី), មក បាកកក ថៃឡង់ដ៏ (រយៈពេល០៩ម៉ោង៤៥នាទី), មកសិង្ហបុរី (រយៈពេល១១ម៉ោង), មក ហូជីមិញ វៀតណាម (រយៈពេល១១ម៉ោង)។ បច្ចុប្បន្នមន្ត្រីរាជការកម្ពុជា កាន់លិខិតឆ្លងដែនធ្វើដំណើរទៅតួកគីមិនតម្រូវអោយមានទិដ្ឋាការទេ (ដូចគ្នាទៅនឹងប្រទេសចិន ជប៉ុន កូរ៉េ ដែរ)។

កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា និងតួកគី ដែលបានចុះហត្តលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រត្តិបត្តិការណ៍វិស័យទេសចរណ៍រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី នៅទីក្រុងអ៉ីស្តាន់ប៊ុល (តួកគី) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Mevlut Cavsoglu រដ្ឋមន្ត្រីការបរទេស តួកគី ក្រោមអជិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Erdogan ប្រធានាធិបតីតួកគី
នៅវិមានរដ្ឋាភិបាល (Istanbul) កន្លងមកនេះបានគូសបញ្ជាក់ច្បាស់ពីការសម្របសម្រួលការធ្វើដំណើរ និងជំរុញការតភ្ជាប់តាមផ្លូវអាកាស ការសិក្សាទីផ្សារ និងផ្សព្វផ្សាយរួមគ្នា ការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ ស្ថិតិ និងឯកសារគោលនយោបាយច្បាប់ទេសចរណ៍ ការអភិវឌ្ឍមូលធនមនុស្ស និងការបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈទេសចរណ៍ ការផ្លាស់ប្តូរ ទស្សនកិច្ចរវាងផ្នែកសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍ដើម្បីបង្កើតបណ្តាញធុរកិច្ចទេសចរណ៍ និងគំរោងវិនិយោគទេសចរណ៍ និងចូលរួមរាល់ព្រឹត្តិការណ៍សិក្ខាសាលា សន្និសីទ និងកិច្ចប្រជុំនានាទៅវិញទៅមក។

ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នេះ និងក្រោយពេលដែលមានកិច្ចព្រមព្រៀង ស្តីពីការមិនយកពន្ធត្រួតគ្នារវាងកម្ពុជានិង តួកគីហើយ កម្ពុជាសង្ឃឹមថា នឹងបានទទូលក្រុមហ៊ុន Turkish Airlines ហោះហើរត្រង់ពីតួកគី មកកម្ពុជានៅពេលដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្នក្រុមហ៊ុន Turkey Airlines បានធ្វើការហោះហើរត្រង់មកកម្ពុជា ប្រចាំសប្តាហ៍ក្នុងលក្ខណៈជា Cargo ។

សូមជំរាបថា ប្រទេសតួកគី និងកម្ពុជាបានភ្ជាប់ទំនាក់ទំនងនយោបាយការទូតតាំងពីឆ្នាំ១៩៦៨មកម្ល៉េះ ហើយបានភ្ជាប់លើទំនាក់ទំនងនយោបាយការទូតឡើងវិញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ សាធារណរដ្ឋតួកគី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្ពុជាមានស្ថានឯកអគ្គកុងស៊ុល កិត្តិយសចំនួនពីរ នៅសាធារណរដ្ឋតួកគី (រដ្ឋធានី អង់ការ៉ា និង ទីក្រុងអ៉ីស្តានប៊ុល)។ កម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩៕