(ភ្នំពេញ)៖ លោក ហ៊ីដេហ៊ីសា ហូរីណូអុជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានសំណូមពរឲ្យប្រជាពលរដ្ឋ សាកល្បងជិះរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ពិសេសជិះរថយន្តដែលជប៉ុនផ្តល់ជំនួយឲ្យកម្ពុជា ដែលកំពុងបម្រើនៅរាជធានីភ្នំពេញ ព្រោះរថយន្តទាំងនេះ មានលក្ខណៈពិសេសយ៉ាងច្រើន។

តាមរយៈ​វីដេអូ​ខ្លី​មួយរបស់លោកឯកអគ្គរាជទូតបាន​បញ្ជាក់​ថា រថយន្ត​ក្រុង​ថ្មី​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន ​បាន​ដំណើរ​ការ​តាំង​ពី​ខែ​តុលា​មកម្ល៉េះ។ លោក​បាន​បញ្ជាក់បន្ថែម​ថា រថយន្ត​ក្រុង​សាធារណៈ​កំពុង​ដឹកជញ្ជូន​រាល់​ថ្ងៃ មាន​ចំនួន​មនុស្សជិះច្រើន​ជាង​ឆ្នាំ​មុន ហើយអ្វី​ដែល​ពិសេស​នោះ ការ​រៀប​ចំ​ដំណើរ​ការ​រថយន្ត​ក្រុង​នៅ​ភ្នំពេញ ផ្អែក​តាម​បទ​ពិសោធន៍​គ្រប់គ្រង ​ដូច​នៅ​ប្រទេស​ជប៉ុន​ទាំង​ស្រុងផងដែរ។

បើតាមវីដេអូដដែលនេះ ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ មាន​ភាព​ងាយ​ស្រួល​ខ្លាំង ដោយ​សារ​អ្នក​ដំណើរ​អាច​បង់​ប្រាក់​តាម App ដែល​មាន​នៅ​លើ​ទូរស័ព្ទ។ ចំពោះ​រថយន្ត​ក្រុង​ពណ៌​ខៀវ​របស់​ជប៉ុន លោក ហ៊ីដេហ៊ីសា ហូរីណូអុជិ បញ្ជាក់​ថា​ កំពុង​រៀបចំ​ប្រព័ន្ធ GPS ដើម្បី​បង្ហាញ​ចំណត​ចុះ​បន្ទាប់ ដោយ​ស្វ័យ​ប្រវត្តិ និង​បញ្ជាក់​ទីតាំង​ជាក់​ស្ដែង​តាម​ App។

​សូមជម្រាបថា បច្ចុប្បន្នរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានចំនួន១៩០គ្រឿង​ និងកំពុងធ្វើដំណើរតាមផ្លូវចំនួន៧ខ្សែ ខណៈដែលចំនួនប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុងនេះ ក្នុងមួយថ្ងៃៗកើនដល់ជាង១ម៉ឺននាក់។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានសេចក្ដីជូនដំណឹង ពីការកែសម្រួលខ្សែរត់រថយន្តក្រុង ដែលមានស្រាប់ពីមុនចំនួន ៧ខ្សែ និងបន្ថែមខ្សែរត់ថ្មីដល់ទៅ៤ខ្សែទៀត សរុប១១ខ្សែ ដើម្បីពង្រីកវិសាលភាពនៃការដឹកជញ្ជូន របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងរាជធានី។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា ការកែសម្រួលខ្សែរត់ចាស់ និងកែសម្រួលខ្សែរត់ខ្សែរត់ថ្មីនេះ ចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ដោយសារជប៉ុនបានផ្តល់ជំនួយរថយន្ត៤១​គ្រឿង។ ជាមួយគ្នានេះ ចុងឆ្នាំ២០១៨​ រថយន្តក្រុង៣៩គ្រឿងទៀត សរុប៨០គ្រឿង ដែលជាជំនួយរបស់ជប៉ុន នឹងយកមកដល់កម្ពុជាផងដែរ។ សម្តេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា អ្នកដែលទទួលបានការជិះរថយន្តក្រុងដោយឥតគិតថ្លៃនោះ រួមមាន៖ កម្មករ កម្មការិនី, សិស្ស និស្សិត, ព្រះសង្ឃ, ជនពិការ, ចាស់ជរា, កីឡាករ កីឡាការិនី, និងកុមារកម្ពស់ក្រោម១ម៉ែត្រ។ ជាធម្មតាការជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ តម្លៃ១៥០០រៀលក្នុងម្នាក់៕