(ភ្នំពេញ)៖ គណៈប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក ដឹកនាំដោយលោក ហ៊ុយ វណ្ណៈ នឹងចាកចេញដំណើរពីប្រទេសកម្ពុជានៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ នៃរុស្ស៊ី ដើម្បីចូលរួមមហាសន្និបាតលើកទី១០ របស់អង្គការសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី ហៅកាត់ ICAPP ចាប់ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៨។

កិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP នៅទីក្រុងម៉ូស្គូ ដែលជាផ្នែកមួយនៃមហាសន្និបាត ICAPP នឹងចូលរួមដោយតំណាងសារព័ត៌មានមកពី៦ប្រទេស ក្នុងនោះរួមមាន៖ កម្ពុជា, សហរដ្ឋអាមេរិក, កូរ៉េខាងត្បូង, អឺរ៉ាក់, និងតួគី។ ស.ស.ស.ក ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានវេទិកាសារព័ត៌មាន ICAPP កាលពីឆ្នាំកន្លងទៅ នៅក្នុងកិច្ចប្រជុំ ICAPP ដែលបានរៀបចំធ្វើនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

នៅក្នុងមហាសន្និបាត ICAPP នៅប្រទេសរុស្ស៊ី ឆ្នាំនេះ ផ្នែកអ្នកសារព័ត៌មាននឹងលើកយកប្រធានបទចំនួនពីរមកពិភាក្សា។ ប្រធានបទទី១គឺ៖ តួនាទីគណបក្សនយោបាយក្នុងការកាត់បន្ថយភាពតានតឹងរបស់អន្តរជាតិ និងដើម្បីកាត់បន្ថយអំពើជ្រុលនិយម។ ប្រធានបទទី២គឺ៖ សារៈសំខាន់នៃកិច្ចសហការអន្តរគណបក្សនយោបាយនៅក្នុងការបង្កើតនិងការអភិវឌ្ឍន៍ វិស័យនយោបាយ សេដ្ឋកិច្ចសង្គម និងការកសាងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ លោក ហ៊ុយ វណ្ណៈ នឹងឡើងថ្លែងសុន្ទរកថាជូនមហាសន្និបាត ICAPP លើប្រធានបទទី២។

សូមជម្រាបថា គណៈប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជាផ្នែកមួយនៃប្រតិភូថ្នាក់ជាតិតំណាងកម្ពុជា គែដឹកនាំរួមដោយលោកជំទាវ ឃួន សុដារី អនុប្រធានរដ្ឋសភាជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ICAPP គឺជាបណ្តុំគណបក្សនយោបាយធំជាងគេលើពិភពលោកដែលមានចំនួន៣៥២ មកពី៥២ប្រទេស។ ICAPP បានបង្កើតបណ្តាញពាក់ព័ន្ធដូចជា៖ ក្រុមប្រឹក្សាវប្បធម៌, ស្ត្រី, យុវជន និងសារព័ត៌មាន ដែលមានគោលដៅបង្កើតកិច្ចពិភាក្សា និងកិច្ចសហការ ដើម្បីកសាងភាពជាដៃគូលើ សង្គម វប្បធម៌ និង កសាងពិភពលោកប្រកបដោយសន្តិភាព និងការអភិវឌ្ឍន៍៕