(ភ្នំពេញ)៖ ប្តី-ប្រពន្ធមួយគូរ មានចំណងអាពាហ៍ពិពាហ៍ និងរួមរស់នៅជាមួយគ្នា អស់រយៈពេលជាង៣ឆ្នាំ និងមានកូនប្រុសម្នាក់ អាយុជាង១ខួប, ជារើយៗអ្នកទាំង២ តែងតែកើតមានជម្លោះជាមួយគ្នា រហូតបានទៅសុំលែងលះគ្នា និងបានរស់នៅបែកគ្នាមួយរយៈសិន ដោយមិនទាន់លែងលះដាច់ស្រាច់ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​នាំ​ប្រុស​ថ្មី ​មក​ដេក​ក្នុង​បន្ទប់ ហើយ​ប្តី​មក​ទាន់​បាន​ចាក់សោ​ពី​ខាងក្រៅ​ រួចរត់ទៅប្តឹងសមត្ថកិច្ចតែម្តង។

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ​ខែតុលា ​ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ជាប់​តូបលក់​បន្លែ ​នៅ​ផ្សារ​ស៊ី​ន​ជូ​រី ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

នាយប៉ុស្តិ៍នគរបាលកាកាប១ បានឲ្យដឹងថា បុរសជាប្តីឈ្មោះ ខាំង ម៉ា​ប់ អាយុ​៣០​ឆ្នាំ មុខរបរលក់បន្លែ រីឯ​ប្រពន្ធ ឈ្មោះ ​គ​ន្ធី ស្រី​មុំ អាយុ​២៣​ឆ្នាំ មុខរបរ​លក់​បន្លែ នៅ​ផ្សារ​ស៊ី​ន​ជូ​រី ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ចំណែកប្រុសជាសាហាយស្មន់ ឈ្មោះ សល់ សាល អាយុ​២៤​ឆ្នាំ មុខរបរ​ដឹក​ទឹកកក ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល។

តាម​ការរៀបរាប់ពីបុរសជាប្តី បានឲ្យដឹងថា គាត់​ និង​ប្រពន្ធ​បាន​រៀប​ការ​តាម​ប្រពៃណី​ត្រឹមត្រូវ ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ និង​បង្កើត​បានកូន​ប្រុស​ម្នាក់​អាយុ​ជាង​១​ខួប។ នៅ​មុន​ពេល​ភ្ជុំបិណ្ឌ ប្រមាណ​៦​ថ្ងៃ ​គាត់​បានដឹង​ថា​ ស្ត្រីជា​ប្រពន្ធ​របស់​គាត់ បាន​ទាក់ទង​ជាមួយ​បុរស​ម្នាក់ (ប្រុសជាសាហាយស្មន់ខាងលើ) ដោយ​និយាយ​តាម​ទូរស័ព្ទ។

ពេល​នោះ ​គាត់​ និង​ប្រពន្ធ ​ក៏​មានជម្លោះ​ជាមួយ​គ្នា​តិចតួច មុន​ថ្ងៃ​កើតហេតុ​៥​ថ្ងៃ មានការ​ឈ្លោះប្រកែក​គ្នា​ម្តងទៀត ក៏​បាន​នាំ​គ្នា​ទៅ​សង្កាត់ ដើម្បី​សុំ​លែងលះ​គ្នា ហើយ​ចៅសង្កាត់​មិន​អនុញ្ញាត ឲ្យ​លែងលះ​គ្នា​ភ្លាម​ៗ​នោះ​ទេ ដោយ​ឲ្យ​ពួក​គាត់​ទាំង​ពីរ​នាក់ ​នៅ​បែក​គ្នា​មួយ​រយៈ​សិន ហើយ​បន្ទាប់​មក​គាត់ ​បាន​ទៅ​នៅ​ជាមួយ​បងប្រុស​របស់​គាត់ ​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោកបន្ដថា នៅ​ម៉ោង​កើតហេតុ គាត់​បាន​ទៅ​មើល​បងស្រី​របស់​គាត់ ​ដែល​សម្រាក​ព្យាបាល​ជំងឺ​ពោះវៀន​ដុះ​ខ្នែង ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ហើយ​គាត់​ក៏​បាន​ឆៀង​ចូល​ផ្ទះ​គាត់។ នៅ​ពេល​ទៅ​ដល់​ផ្ទះ គាត់​ក៏​មានការ​សង្ស័យ ព្រោះ​ជា​រៀងរាល់ថ្ងៃ ប្រពន្ធ​របស់​គាត់​ដេក​ពេល​យប់​តែងតែ​បើកភ្លើង ហើយ​នៅ​ពេល​យប់​នេះ​ម្តេច​ ក៏​ដេក​បិទ​ភ្លើង។ បន្ទាប់​មក​គាត់​បាន​បើក​ទូរស័ព្ទ​លួច​មើល​តាម​បង្អួច ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់​គាត់​កំពុង​ដេក​ជាមួយ​ប្រុស​សហាយ ដោយ​ឲ្យ​កូនប្រុស​តូច​របស់​គាត់​ដេក​នៅ​អែប​ខាង ពេល​ឃើញ​បែប​នេះ​ហើយ​ គាត់​បាន​ចាក់សោ​ពី​ខាងក្រៅ រួចរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ​។

បើតាមសំដីស្ត្រីជាប្រពន្ធ បាននិយាយប្រាប់ថា គាត់​មាន​ទំនាក់ទំនង​ស្នេហា ​ជាមួយ​បុរស​ម្នាក់​នោះ ​ជិត​២​ខែ​មក​ហើយ និង​ទើប​មាន​ទំនាក់ទំនង ជា​មួយប្រុស​សាហាយ​ខាងលើ​នោះ​​ ស៊ីជំរៅ​បាន​២​លើក​ប៉ុណ្ណោះ គឺ​មុន​ថ្ងៃ​កើតហេតុ​ចំនួន​៥​ថ្ងៃ ​បាន​រួមរ័ក្ស​ម្តង និង​ថ្ងៃ​កើតហេតុ​មិន​ទាន់​បាន​រួមរ័ក្ស​នោះ​ឡើយ​ទេ ព្រោះ​គាត់មិនសូវ​ស្រួលខ្លួន​។ ចំណែក​បុរស​ជា​សាហាយ​ បាន​និយាយ​​ថា គាត់​ជា​ម៉ូយ​ទឹកកក​ ជាមួយ​នារី​​នេះ តែ​មិន​ទាន់​បាន​ស៊ីជំរៅ​នោះ​ឡើយ ព្រោះ​នៅ​ថ្ងៃ​កើតហេតុ ស្ត្រី​ខាងលើ ​បាន​ទូរស័ព្ទ​ហៅ​គាត់ឲ្យមក​មើល ព្រោះ​មិនសូវ​ស្រួលខ្លួន រឿង​អ្វី​ផ្សេង​ពុំ​មាន​ឡើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់​ស្ត្រី និង​បុរស​ជា​សាហាយ​ យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាលកា​កាប​ទី​១ និង​ទទួល​បណ្តឹង​ពី​បុរស​ជា​ប្តី ចំណែក​ស្ត្រី និង​បុរស​ជា​សាហាយ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​សិន៕