(រតនគិរី)៖ សំណុំរឿងករណីឃាតកម្មសម្លាប់ច្រកការ៉ុងទម្លាក់ក្នុងអណ្ដូងទឹក កាលពីជាង៦ខែមុន នៅចំណុចចំការចន្ទី ស្ថិតក្នុងភូមិតាកាប់ក្នុង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី នៅពេលនេះកម្លាំងនគរបាល តាមចាប់បានជនដៃដល់ហើយ ដែលជាជនជាតិគ្រឹង។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះថា ថ្ងៃទី២២ ខែតុលាម្សិលមិញ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត សហការកម្លាំងអធិការស្រុកកូនមុំ ​ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ហើយ ឈ្មោះ គៀល កាទួត អាយុ២០ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ក្រោយការឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់សម្លាប់​ជនរងគ្រោះឈ្មោះ ស៊ូ សៀក ពិតប្រាកដមែន ដោយមូលហេតុខឹងជនរងគ្រោះជំពាក់លុយថ្លៃទិញឈើ មិនព្រមសងខ្លួន ក៏មានគំនិតតេហៅជនរងគ្រោះ មកដល់កន្លែងកើតហេតុ ក៏កាប់មួយកាំបិតផ្គាក់ ចំកញ្ចឹងក​ពីក្រោយ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចក៏ដឹកយកសព និងម៉ូតូយកទៅទំលាក់ក្នុងអណ្ដូង ដែល​សកម្មភាពនេះរូបគេខ្លួនធ្វើតែម្នាក់ឯងប៉ុណ្ណោះ។

បន្ទាប់ពីស្តាប់ចម្លើយសារភាពរួចមកកម្លាំង​ជំនាញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តរតនគិរី បាននាំជនសង្ស័យទៅចង្អុលបង្ហាញ​ ទីតាំងកន្លែងប្រព្រឹត្តបទល្មើស ព្រមទាំងអណ្តូងទឹកជាកន្លែងទម្លាក់សពចូល​។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីបំពេញបែបបទសំណុំរឿងបញ្ចូន​ទៅតុលាការចាត់ការតាមនិតិវិធី

គួរជម្រាបថា ករណីឃាតកម្មដ៏សាហាវមួយនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ​នៅចំណុចចំការចន្ទី​ ស្ថិត​នៅភូមិតាកាប់ក្នុង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី៕​