(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២​ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីបំភ្លឺមួយច្បាប់ ផ្ញើទៅកាន់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភានៃកម្ពុជា ដោយអះអាងថា ការថ្លែងរបស់លោក ធ្វើឲ្យព្រះសង្ឃទូទាំងប្រទេស មិនអាចទទួលយកបានឡើយ។

ការចេញសេចក្តីបំភ្លឺនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកបណ្ឌិត សុខ ទូច កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសាលា​សិក្ខា​ជាតិស្តីពី «សង្គតិភាពព្រះពុទ្ធសាសនា ដើម្បីពង្រីកនិងអភិវឌ្ឍន៍ពុទ្ធចក្រ និងអាណាចក្រ ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន» បានប្រាប់ឲ្យមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្រសួងធម្មការ និងសាសនា ដើម្បីស្រាវជ្រាវបង្កើតច្បាប់​ស្តីពី «វិន័យសង្ឃ»។ លោក សុខ ទូច បានបន្តថា មូលហេតុដែលលោកថ្លែងយ៉ាងដូច្នេះ ដោយសារមានព្រះសង្ឃជាច្រើន បានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនា។

យោងតាមសេចក្តីបំភ្លឺ​ របស់គណៈសង្ឃនាយកនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែតុលានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការថ្លែងសុន្ទរកថារបស់ឯកឧត្តម នៅក្នុងសិក្ខាសាលានោះ ធ្វើឲ្យព្រះសង្ឃទូទាំងប្រទេស ការសម្តែងការមិនពេញព្រះទ័យ ហើយចំណុចមួយចំនួនពិតជា មិនអាចទទួលយកបាន»។

បើតាមគណៈសង្ឃនាយកនៃកម្ពុជា «ការពង្រឹងវិន័យសង្ឃ» គឺជាសមត្ថកិច្ចរបស់ស្ថាប័នគណៈសង្ឃនាយក និងថេរសភាពុទ្ធសាសនា ដែលមានភារកិច្ចរៀបចំ ចាត់ចែង និងបកស្រាយលើបញ្ហានេះ៕

ព័ត៌មានលម្អិត សូមអានសេចក្តីបំភ្លឺខាងក្រោមនេះ៖