(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បានលួចលាក់គ្រឿងញៀនក្នុងកញ្ចប់ស្បោង ដោយរុំជាប់នៅនឹងភ្លៅទាំងសងខាង និងដងខ្លួនប្រមាណជិត២គីឡូក្រាម ក្នុងគោលបំណងបម្រុងនាំចេញទៅក្រៅប្រទេស ប៉ុន្ដែជាអកុសលត្រូវបានជាប់ខ្នោះ របស់កម្លាំងអន្ដោប្រវេសន៍ប្រចាំការនៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ។

បើតាមមន្ដ្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ឲ្យដឹងថា បុរសជនជាតិចិននេះ មានឈ្មោះ YU WEI YI កាន់លិខិតឆ្លងដែនលេខៈ462923​។

មន្ដ្រីនគរបាលបានបន្ថែមថា ជនសង្ស័យខាងលើនេះ បានធ្វើដំណើរចេញពីប្រទេសកម្ពុជា តែត្រូវកម្លាំងអន្ដោប្រវេសន៍ព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ សង្ស័យថា មានសារធាតុញៀននាំចេញខុសច្បាប់ ក៏ត្រូវបានឃាត់ខ្លួនភ្លាមៗ។

មន្ដ្រីជំនាញ បានបញ្ជាក់ថា ក្រោយពេលត្រួតពិនិត្យជាក់ស្ដែង ឃើញមានសារធាតុញៀនលាក់ ក្នុងកញ្ចប់ស្បោងរុំជាប់ នៅនឹងភ្លៅទាំងសងខាង និងដងខ្លួន សរុបចំនួន០៤កញ្ចប់ ជាគ្រឿងញៀនប្រភេទ METHAMPHETAMINE ដែលមានទម្ងន់ចំនួន១,៩៩៤.៧២ ក្រាម (មួយពាន់ប្រាំបួនរយកៅសិបបួនក្បៀសចិតសិបពីរក្រាម)៕