(សៀមរាប)៖ កាលពីពេលថ្មីៗកន្លងទៅ ប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលមានគ្នាប្រមាណ៣០នាក់ តំណាងឲ្យសមាជិករបស់ខ្លួនប្រហែល១០០នាក់ ដែលកំពុងមានវិវាទដីធ្លីជាង២ហិកតាជាមួយ លោកឧកញ៉ា ង៉ោ ស្រ៊ុន ព័ទ្ធរបងរំលោភយកចាប់តាំងពីខែមីនា ឆ្នាំ២០១៦ បាននាំគ្នាមកដល់សាលាឃុំកណ្ដែក ស្រុកប្រាសាទបាគង ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធរជូនពួកគាត់ ឲ្យបានទទួលសិទ្ធិគ្រប់គ្រងដីធ្លី និងប្រើប្រាស់ជាកម្មសិទ្ធិរបស់ពួកគាត់ ជាពិសេសស្នើសុំការអន្តរាគមន៍​ ពីសម្ដេចនាយករដ្ឋមន្ត្រីតែម្ដង បន្ទាប់ពីពួកគាត់បានព្យាយាមដាក់ពាក្យស្វែងរកអន្តរាគមន៍ អស់រយៈពេលជិត៣ឆ្នាំហើយ មិនទទួលបានលទ្ធផល។

ចំពោះករណីខាងលើ លោក ង៉ោ ស្រ៊ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បំភ្លឺដល់អង្គភាពព័ត៌មាន Fresh News ថា ការដែលថាមានប្រជាពលរដ្ឋ១៨៩គ្រួសារ ចោទប្រកានថាលោកបិទផ្លូវសាធារណៈនោះ គឺជារឿងប្រឌិត ព្រោះស្ថានភាពដីដែលកំពុងតវ៉ានេះ គឺជាដីស្រែមិនមានផ្លូវចេញចូលតាំងពីដើមមក ហើយខ្លួនបានទិញត្រឹមត្រូវដោយមានអាជ្ញាធរភូមិឃុំទទួលស្គាល់។ កាលពីពេលកន្លងទៅអាជ្ញាធរឃុំបានស្នើសុំលោកបរិច្ចាកនិងជួយធ្វើផ្លូវ លោកក៏បានចំណាយថវិការឈូសធ្វើផ្លូវសម្រាប់ប្រើប្រាស់ជាសាធារណៈទៀតផង។ ជាក់ស្តែងទំនាស់រវាងរូបលោកនឹងប្រជាពលរដ្ឋ គឺពាក់ព័ន្ធតែជាមួយឈ្មោះ ឧត្តមសេនីយ៍ ប៉ាន់ ចាន់តារា (យោធានៅបញ្ជាការដ្ឋានអង្គរក្ស), ឈ្មោះ សុខ សែត, ឈ្មោះ សឿន រិច និងឈ្មោះ ថាច់ សែម សរុបតែ៤គ្រួសារប៉ុណ្ណោះ។

លោក ង៉ោ ស្រ៊ុន បានអះអាងបន្ថែមទៀតថា ឈ្មោះទាំង៤នាក់ខាងលើនេះ ពុំមានលិខិតស្នាមកាន់កាប់ច្បាស់លាស់ និងឯកសារដើមនោះទេ គឺមានតែលិខិតថតចម្លង យកមកសំអាងប៉ុណ្ណោះ ហើយចាប់តាំងពីខ្ញុំទិញដីនេះនៅឆ្នាំ១៩៩៧រហូតមក គឺពុំដែលឃើញមុខពួកគាត់ ថាបានកាន់កាប់ ប្ញអាស្រ័យផលលើដីទំនាស់នេះក៏ទេដែរ។

បច្ចប្បន្នទំនាស់នេះ កំពុងស្ថិតក្នុងដៃសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលកំពុងធ្វើការដោះស្រាយហើយ។ ដូច្នេះការចោទប្រកាន់របស់ប្រជាពលរដ្ឋ គឺកំពុងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក និងចាត់ទុកជាការជ្រៀតជ្រែកកិច្ចការរបស់សមត្ថកិច្ចជំនាញកំពុងដោះស្រាយ។

សូមបញ្ជាក់ថា តាមឯកសារលោក ង៉ោ ស្រ៊ុន អៈអាង គឺដីទំនាស់នេះ លោក ង៉ោ ស្រ៊ុន បានទិញដោយស្របច្បាប់ពីលោក ឯម មុនី តាំងពីឆ្នាំ១៩៩៧មកម៉្លេះ និងបានគ្រប់គ្រងកាន់កាប់រហូតមកដល់បច្ចុប្បន្ន ហើយគឺជាប្រភេទដីស្រែ ពុំមានផ្លូវចរារណ៍ចេញចូល ដូចការលើកឡើង និងចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនោះឡើយ។ បច្ចុប្បន្ននេះ រាល់ទំនាស់ដីធ្លីទាំងអស់ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចដោះស្រាយ របស់គណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ប៉ុន្តែយើងសម្គាល់ឃើញមានបុគ្គល ប្ញក្រុមឆ្លៀតឱកាសមួយចំនួន តែងតែជ្រៀតជ្រែកផ្ទុយពីសមត្ថកិច្ចខ្លួនទៅវិញ៕