(ព្រះវិហារ)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ត្រូវបានរឹបអូសយកទៅបំផ្លាញចោល ក្រោយរកឃើញនៅតាមដងស្ទឹងសែន បន្ទាប់ពីការចុះត្រួតពិនិត្យរបស់អជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រយៈពេល២ថ្ងៃ គឺថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០១៨នេះ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ថ្ងៃនេះ រដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយលោក លី សារ៉ារឹទ្ធ អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំមន្ត្រី នៃមន្ទីរកសិកម្មខេត្ត មន្ត្រីរដ្ឋបាលជលផល និងកម្លាំងនគរបាលជាច្រើនរូបទៀត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំនុចស្ពានកំពង់ប្រណាក រហូតដល់កំពង់ចម្លងភូមិស្រែ ក្នុងភូមិស្រែ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ (ព្រំប្រទល់ស្រុករវៀង ខេត្តព្រះវិហារ និងព្រំប្រទល់ស្រុកសណ្តាន់ ខេត្តកំពង់ធំ)។

ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ បានបញ្ជាក់ថា ជាលទ្ធផលបានធ្វើការដកហូត និងរឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ យកទៅបំផ្លាញចោល រួមមាន៖ ដាយត្រីចំនួន៦ករណី ស្មើនិង៦មាត់ ដែលមានសាច់ដាយ សរុបប្រវែង៨៥ម៉ែត្រ និងបង្គោលឈើដងជីបើកមាត់ ចំនួន១២ដើមផងដែរ។

លោក ពឹង ទ្រីដា បានបន្ថែមទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជលផល តាមដងស្ទឹងសែននាពេលនោះ គឺក្រុមការងារចម្រុះពុំបានចាប់ខ្លួន ជនសង្ស័យណាម្នាក់នោះទេ គឺបានតែដកហូតឧបករណ៍នេសាទ ខុសច្បាប់តែប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណា លោកប្រធានមន្ទីរ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវនេសាទត្រីត្រូវប្រើឧបករណ៍បុរាណ មិនត្រូវប្រើឧបករណ៍ខុសច្បាប់ ដែលនាំឲ្យវិនាសហិនហោចពូជមច្ឆាជាតិនោះទេ ជាមួយគ្នានេះ ការប្រើឧបករណ៍នេសាទខុសច្បាប់ គឺត្រូវប្រឈម និងការមានទោសរហូតត្រូវជាប់ពន្ធនាគារក៍មាន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើង ដាច់ខាតកុំប្រើឧបករណ៍នេសាទខុសច្បាប់ឲ្យសោះ ដើម្បីជៀសវាងការ មានទោសដល់ខ្លួន និងការបំផ្លាញមច្ឆាជាតិ៕