(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ​ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក ដែលកំពុងបន្តសកម្មភាពយាមល្បាតក្នុងភូមិសាស្ត្រដើម្បីរក្សាសន្តិសុខ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាក់ស្ដែង ជាចោរលួចទ្វារដែក និងពាក់ព័ន្ធគ្រឿងញៀន ជាជនជាតិវៀតណាម្នាក់ និងខ្មែរចំនួន២នាក់ ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន ជាមួយថ្នាំញៀន៥កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ​ នៅ២ទីតាំង និង២ករណីផ្សេងគ្នា។

បើតាមការបញ្ជាក់របស់ លោកអធិការនគរបាលខណ្ឌឬស្សីកែវ មុនឈានដល់ការបង្ក្រាបជនសង្ស័យ ជាចោរលួចទ្វារដែក និងជាអ្នកប្រើប្រាស់គ្រឿងញៀន ឈ្មោះ ហុក រ៉េហត្រា​ អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ជនអានាថា) ដកហូតបានទ្វារដែកចំនួន១ផ្ទាំង, ដែកអន្ទាចំនួន១ និងជណ្តើរដែកចំនួន២ ខាងលើនេះ គឺបានអនុវត្តឡើង​បន្ទាប់បន្តសកម្មភាពយាមល្បាតក្នុងភូមិសាស្ត្រ ដើម្បីរក្សាសន្តិសុខ និងទទួលបានពាក្យបណ្ដឹងភ្លាមៗ ពីជនរងគ្រោះឈ្មោះ ខៀវ វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរបើកសិប្បកម្មផ្សារដែក ស្នាក់នៅចំណុចផ្ទះកើតហេតុលេខ១៥៥C តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ​។

លោកអធិការ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យជាចោរលួចទ្វារដែក ​កម្លាំងនគរបាលរបស់លោក បានលបឆ្មក់បង្ក្រាបជាក់ស្ដែង នូវការជួញដូរថ្នាំញៀនមួយកន្លែងទៀត និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម សុប៊ិន អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិកប្រាកដ ស្នាក់នៅផ្ទះលេខ១៩៩C ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ដកហូតបានក្រាមពណ៌សថ្លា ចំនួន៥កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំល្មម និងលុយ​៣០,០០០រៀល។

​​ក្រោយ​ឃាត់ខ្លួនជនសង្ស័យជាចោរលួចទ្វារដែក ប្រើប្រាស់ជួញដូរគ្រឿងញៀនទាំង២នាក់ នៅ២ទីតាំង និង២ករណីផ្សេងគ្នា រួមជាមួយវត្ថុតាង ត្រូវបាននាំយកមកឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕