(សៀមរាប)​៖ ទេសរដ្ឋមន្រ្តី​ គន់​ គីម​ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូ​ សមាគមអតីត​យុទ្ធជន​វៀតណាម​ អង្គទ័ពទី៣​ ដឹកនាំដោយ​ឧត្តមសេនីយ៍ទោ ង្វៀន​ គួកធឿក​ ចូលជួបសវនាការ នៅទីបញ្ជាការយោធភូមិភាគទី៤​។

ថ្លែង​ឱកាសនោះ​ ទេសរដ្ឋមន្រ្តី​ គន់ គីម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូមិត្ត​ នៅលើទឹកដីអង្គរ​ ដែលកាលពីជាង៣៩ឆ្នាំមុន​ កងទ័ពស្ម័គ្រចិត្តវៀតណាម​ បានជួយ​ក្នុងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍​ និងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន កងទ័ពប្រជាជនវៀតណាមនៅបានជួយកងទ័ពកម្ពុជាលើគ្រប់វិស័យ​ ដោយឡែក​សមាគមអតីត​យុទ្ធជន​ យើងទាំងពីរក៏មានទំនាក់ទំនងសហការគ្នាបានល្អប្រសើរ ហើយជានិច្ចជាកាល​សមាគមអតីត​យុទ្ធជន​កម្ពុជា​ តែងបាន​សមាគមអតីត​យុទ្ធជន​វៀតណាម​ ជួយ​ឧបត្ថម្ភ​ ការជួបគ្នាពេលនេះ ជាការជួបគ្នារវាងយុទ្ធមិត្តរួមអាវុធពីមុន​ ប្រៀបដូចជាបងប្អូនក្នុងគ្រួសារតែមួយ​។

បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានលើកឡើងសង្ខេបពីលទ្ធផលសកម្មភាពធំៗជាច្រើន ដែលសមាគម​អតីត​យុទ្ធជន​កម្ពុជា​ធ្វើបានក្រោមការដឹកនាំរបស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជាប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា​។

ជាការ​ឆ្លើយតប​​ ឧត្តមសេនីយ៍ទោ​ ង្វៀន​ គួកធឿក​ បាន​សំដែង​នូវការរីករាយបំផុតដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា​ ទីដែលពួកគាត់ធ្លាប់បានរួមជាមួយកងទ័ពកម្ពុជា ធ្វើការរំដោះប្រទេសកម្ពុជាចេញពីពួក ប៉ុល​ ពត​ ដែលនៅពេលនោះកម្ពុជាត្រូវរបបវាលពិឃាទបំផ្លាញទាំងស្រុង​ តែពេលនេះកម្ពុជាក្រោមការដឹកនាំរបស់​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មានការរីកចម្រើនលើគ្រប់វិស័យហួសពីការស្មាន​ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ ទេសរដ្ឋមន្រ្តី​ ដែលបានអនុញ្ញាតឲ្យប្រតិភូបានចូលជួបសម្តែងការគួរសម​ និងរៀបចំហូបបាយសាមគ្គីជូនប្រតិភូ​៕