(ភ្នំពេញ​)៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយ បង្កឡើងដោយរថយន្តស៊េរីទំនើប​១គ្រឿង​ បានបើកបុកចូលផ្ទះប្រជាពលរដ្ឋ​ បណ្តាលឲ្យបាក់របងផ្ទះ បង្កការភ្ញាក់ផ្អើលទាំងថ្ងៃ​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង​ ១៖១៥នាទីរសៀល​ ថ្ងៃទី២១​ ខែតុលា​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅតាមផ្លូវលំ​ ភូមិទួលសំពៅ​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន​ បានប្រាប់ភ្នាក់ងារ​ Fresh News​ ឲ្យដឹងថា​ មុនកើតហេតុ​ម្ចាស់រថយន្ត​ Lexus 570 ពណ៌ខ្មៅ​ បានដោះស្លាកលេខចេញ​ ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង។​ ខណៈពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ​ ម្ចាស់រថយន្តបានរបូតស្បែកជើង​ ហើយក៏បានរាវរកស្បែកជើង​ ក៏ច្រឡំជើងជាន់ហ្គ៊ារថយន្ត​ ក៏ជ្រុលទៅបុលរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ។

ប្រភពព័ត៌មានដដែលបានបន្តថា ក្រោយកើតហេតុ​ ម្ចាស់រថយន្តបង្កខាងលើបានដោះស្លាកលេខរថយន្តចេញ​ ដោយបន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ​។

ក្រោយមក​សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ​ និងបានហៅម្ចាស់រថយន្តខាងលើ​ មកធ្វើការចរចាគ្នាដោះស្រាយតាមផ្លូវច្បាប់ ហើយម្ចាស់រថយន្តបង្កខាងលើ​ បានចេញថ្លៃជួសជុលរបងផ្ទះឲ្យវិញ​ ដើម្បីបញ្ចប់រឿង៕