(កំពង់ស្ពឺ)៖ ហាងលក់ទឹកបរិសុទ្ធចំនួន៥កន្លែង ត្រូវបានហៅម្ចាស់មកធ្វើកិច្ចសន្យាបញ្ឈប់ មិនឲ្យលក់បន្តទៀត បន្ទាប់ពីមន្ត្រីកាំកុងត្រូលខេត្តកំពង់ស្ពឺ រកឃើញថាទឹកសុទ្ធទាំងនោះ ពុំបានដាក់កាលបរិច្ឆេទនិងយីហោត្រឹមត្រូវ និងបានដាក់លក់នៅផ្សារគគ្រួស ស្រុកគងពិសី និងផ្សារអង្គមេត្រី ស្ថិតនៅក្នុងស្រុកសំរោងទង។

ការចុះពិនិត្យនិងអប់រំ រយៈពេលពេញមួយថ្ងៃ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូល ក៏បានដកហូតឡេលាបស្បែក ធ្វើឲ្យឆាប់សររបស់ស្រី្ត ដោយមានលួចលាយសារជាតិគីមីខុសបច្ចេកទេស លក់ឲ្យអ្នកប្រើប្រាស់ជាស្រ្តីនៅផ្សារអង្គមេត្រី ស្រុកសំរោងទង មួយចំនួនផងដែរ។

លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូល បានអំពាវនាវទៅដល់អ្នកលក់ដុំនិងលក់រាយ សូមបញ្ឈប់លក់ទំនិញគ្មានគុណភាព ហួសកាលបរិច្ឆេទ ម្ហូបអាហារគ្មានអនាម័យ និងទំនិញគ្មានប្រភពដើម ដើម្បីចូលរួមកាត់បន្ថយបានជំងឺផ្សេងៗ ដែលបង្ករឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់។

សូមជម្រាបថា ក្នុងកម្មវិធីអប់រំនិងធ្វើកិច្ចសន្យានេះ ក្រុមអាជីវករខ្លះបានយល់ពីបញ្ហា ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយពួកគាត់ក៏សុខចិត្តបញ្ឈប់យកទំនិញខុសច្បាប់មកចែកចាយ ហើយសហការជាមួយមន្ត្រីជំនាញ។ ប៉ុន្តែក្រុមអាជីវករមួយចំនួនទៀត ពួកគាត់យល់ដឹងដែរ តែហាក់បីដូចជាមិនសហការ ព្រមទាំងបានប្រើពាក្យសំដីមិនសមរម្យដាក់មន្ត្រីជំនាញទៀតផង៕