(សៀមរាប)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានចូលរួមដាំដើមឈើនៅជុំវិញបរិវេណប្រាសាទបន្ទាយក្តី ក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ជាមួយក្រុមប្រឹក្សានិស្សិតអាស៊ានមកពីប្រទេសជប៉ុន ប្រមាណ៤០០នាក់ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ច ស្វែងយល់ពីអរិយធម៌វប្បធម៌ និងបេតិកភណ្ឌក្នុងតំបន់អាស៊ាន ក៏ដូចជាមកចូលរួមសន្និសីទលើកទី២៤ នៅខេត្តសៀមរាប។

លោក សាយ សំអាល់ បានបញ្ជាក់ថា កម្មវិធីដាំដើមឈើនៅថ្ងៃនេះ ជាការល្អប្រសើរបំផុត ដោយបង្ហាញពីការខិតខំប្រឹងប្រែង រឹតចំណងសាមគ្គីភាពជាមួយគ្នារវាងកម្ពុជានិងជប៉ុន ក៏ដូចជាអាស៊ាននិងជប៉ុន ហើយបានស្វែងយល់ពីតំបន់ធម្មជាតិប្រវត្តិសាស្រ្ត សម្បត្តិបេកភណ្ឌរបស់ពិភពលោកផងដែរ។

លោករដ្ឋមន្រ្តី បានរំឭកពីកិច្ចការអភិរក្សតំបន់រមណីដ្ឋាន ធម្មជាតិប្រវត្តិសាស្រ្តអង្គរ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់នេះ។ លោកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំយកសុខសន្តិភាពជូនប្រទេស ហើយបង្កើតឱ្យមានឱកាសក្នុងការអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ តាមរយៈគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) និងការរីកចម្រើននៃវិស័យទេសចរណ៍។

លោក សាយ សំអាល់ ក៏បានរំឭកឡើងវិញពីការដឹកនាំគណៈកម្មាធិការនេះ ដោយមានសម្តេចវិបុលបញ្ញា សុខ អាន ជាសហប្រធាន។ លោកបន្តថា ពេលដែលសម្តេចវិបុលបញ្ញា នៅមានអាយុជីវិត បានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយកម្លាំងចិត្តដើម្បីបុព្វហេតុនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់រឹងរាវ សំរាម និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះឱ្យបានគង់វង្ស ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិផ្សេងៗ និងទប់ស្កាត់បង្ក្រាបការបរបាញ់ ការជួញដូរសត្វ និងសាច់សត្វដោយខុសច្បាប់ផងដែរ។

លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន (JAC) បានថ្លែងថា ព្រឹត្តិការណ៍ដាំដើមឈើនៅក្នុងតំបន់អង្គរនេះ នឹងជួយពង្រឹងថែមទៀត ចំពោះកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងបណ្តាប្រទេសអាស៊ាន និងជប៉ុន ក៏ដូចជាបានជួយផ្តល់ភាពបៃតងដល់ភពផែនដីថែមទៀត៕