(ភ្នំពេញ)៖ បទល្មើស «ឆបោក» ជាបទល្មើសមួយដែលមានចែងនៅក្នុងក្រម ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ហើយបទល្មើសនេះក៏កំពុងតែកើត មានច្រើនផងដែរនៅក្នុងសង្គមខ្មែរយើងនេះ ដែលធ្វើឲ្យ ជនរងគ្រោះនៃបទល្មើស “ឆបោក” នេះ បាត់បង់នូវផលប្រយោជន៍ និងធ្វើអោយប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ ។

ដូចនេះទើបកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះសូមលើកយក ប្រធានបទស្តីពីបទល្មើស «ឆបោក» មកបកស្រាយដូចខាងក្រោម៖

បទល្មើស «ឆបោក» គឺជាប្រភេទបទល្មើសមជ្ឈិម ដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៣៧៧ ហើយត្រូវបានកំណត់និយមន័យថា ” គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិតហើយដូច្នេះបានទទួលពីបុគ្គលនេះដោយធ្វើអោយខូចប្រយោជន៍ របស់បុគ្គលនេះឬរបស់តតិយជននូវ៖

ទី១៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។
ទី២៖ ការផ្គត់ផ្គង់សេវា។
ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។

ឧទាហរណ៍៖ លោក A បានក្លែងថា ឋានៈជានាយកប្រតិបត្តរបស់ក្រុមហ៊ុន C ហើយបានយកប្រាក់ លោក B ចំនួន ១០,០០ ដុល្លា ដោយសន្យាថាខ្លួននឹងប្រគល់តួនាទីឲ្យលោក B ជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនC ទាំងលោក A មានឋានៈត្រឹមតែជាបុគ្គលិកធម្មតាប៉ុណ្ណោះ។ ចំនុចនេះបានបង្ហាញថា លោក A បានប្រព្រឹត្តបទល្មើសឆបោកទៅលើលោក B ដោយហេតុថាគាត់បានក្លែងឋានៈរបស់គាត់ថាជា នាយកប្រតិបត្ត ដោយចេតនាទុច្ចរិត ដើម្បីទទួលបានប្រាក់របស់លោក B ។

ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាម មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា
អំពើឆបោក ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០(មួយលាន)រៀលទៅ៦.០០០.000(ប្រាំមួយ)លានរៀល។
ដោយឡែកបទល្មើសនេះក៏មានស្ថានទម្ងន់ទោសផងដែរ ស្ថានទម្ងន់ទោសទាំងនោះរួមមាន៖

ស្ថាន ទម្ងន់ទោស ទាក់ទង ទៅ នឹង ជនរងគ្រោះ
អំពើឆបោក ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅ៥(ប្រាំ)ឆ្នាំ កាលបើអំពើនេះ បានប្រព្រឹត្តនាំឲ្យខូចប្រយោជន៍ៈ

១៖ បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃអាយុបុគ្គលនោះ។
២៖ នារីមានគភ៌ កាលបើគភ៌ ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។
៣៖ បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃជំងឺឬពិការភាពកាលបើស្ថានភាពរបស់បុគ្គលនោះត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង។

ស្ថានទម្ងន់ទោសផ្សេងទៀត អំពើឆបោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅ៥(ប្រាំ)ឆ្នាំ កាលបើអំពើនេះ បានប្រព្រឹត្ត៖

១៖ ដោយ អ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញ មុខងាររបស់ខ្លួន។
២៖ ដោយបុគ្គលដែលតាំងខ្លួនជាអ្នករាជការសាធារណៈ។
៣៖ ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជន ដើម្បីបោះពុម្ពចេញឲ្យប្រើប្រាស់នូវមូលបត្រ។
៤៖ ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជនដើម្បីអង្គាសមូលនិធិ សម្រាប់ជាជំនួយមនុស្សធម៌ ឬសង្គមកិច្ច។
៥៖ ជាក្រុមមានការចាត់តាំង។

សរុបមកបទល្មើស «ឆបោក» គឺជាបទល្មើសមួយដែលបុគ្គលដែលប្រព្រឹត្ត មានគំនិតទុច្ចរិតតាំងពីដំបូង ហើយបានដឹងទុកជាមុនរួចមកហើយថា ទង្វើរបស់ខ្លួននឹងធ្វើឲ្យ ប៉ះពាល់នូវផលប្រយោជន៍របស់បុគ្គលម្ខាងទៀត។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី ជាប្រធានក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ និងលោក ប៊ុន វិទូ ជាជំនួយការមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕