(សិង្ហបុរី)៖ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១២ រួចមក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៨ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៥ ដែលកិច្ចប្រជុំនេះបានដឹកនាំដោយ លោក អ៊ឹង អេងហែន រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី ជាប្រធានអង្គប្រជុំ និងមានរដ្ឋមន្ត្រីការពារជាតិប្រទេសបូកចំនួន៨ បានមកចូលរួមប្រជុំរួមប្រជុំរួមមាន៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងញូហ្ស៊ឺឡែន។


នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) លើកទី៥ នាពេលនោះ បានចាត់ទុកយន្តការ (ADMM-Plus) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក បានជំរុញឱ្យមានការជឿទុកចិត្តគ្នាទៅវិញទៅមក និង កិច្ចសហប្រតិបត្តិការជាក់ស្តែង។ កិច្ចប្រជុំក៏បានធ្វើការពិភាក្សា ដើម្បីរិះរកវិធីរួមគ្នាក្នុងការដោះស្រាយបញ្ហាភាពប្រឈមនានា ដូចជាការទប់ស្កាត់អំពើភេរវកម្ម សន្តិសុខព័ត៌មានវិទ្យា គ្រោះមហន្តរាយ ជាពិសេសវិធានការដោះស្រាយអំពីការពើបប្រទះ ជួបគ្នាដោយចៃដន្យទាំង លើផ្លូវអាកាស និងលើផ្លូវសមុទ្រ។

នៅក្នុងការផ្លាស់ប្តូរទស្សនៈក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) លើកទី៥នោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាចាត់ទុកអំពើភេរវកម្មដោយប្រើប្រាស់សារធាតុគីមី ជីវសាស្រ្ត និងវិទ្យុសកម្ម ជាមួយគ្រឿងផ្ទុះកែច្នៃ ជាសេណារីយ៉ូដ៏អាក្រក់បំផុត។ ក្នុងហេតុផលនេះ កងកម្លាំងពិសេសប្រឆាំងភេវរកម្មជាតិរបស់កម្ពុជា បានបង្កើតក្រុមចម្រុះការពារទប់ស្កាត់អាវុធមហាប្រល័យ និងក្រុមជំនាញគ្រឿងផ្ទុះ ដើម្បីត្រៀមខ្លួនជាស្រេចចំពោះការគំរាមកំហែងប្រភេទនេះ។

ទោះបីជាយ៉ាងណា យើងពិតជាត្រូវការបង្កើនសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ដើម្បីត្រៀមខ្លួនក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មប្រភេទនេះ។ សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា យើងអាចសម្រេចបាននូវសមត្ថភាពដែលត្រូវការនេះ តាមរយៈយន្តការ ADMM-បូក។ ក្នុងន័យនេះសម្តេចពិជ័យសេនា បានការសម្តែងការគាំទ្រដល់ប្រទេសសិង្ហបុរីសម្រាប់ការផ្តួចផ្តើមបង្កើតបណ្តាញជាក់ស្តែង នៃក្រុមជំនាញការពារជាតិផ្នែកគីមីសាស្ត្រ ជីវសាស្រ្ត និងវិទ្យុសកម្មអាស៊ាន។ បន្ថែមពីលើនេះទៀត សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើឱ្យក្រុមការងារជំនាញ ADMM-បូក ស្តីពីការប្រឆាំងភេវរកម្មបញ្ចូលសេណារីយូ ភេរវកម្មប្រើប្រាស់អាវុធមហាប្រល័យ នៅក្នុងផែនការលំហាត់លើតុ និងលំហាត់លើទីលានរបស់ខ្លួននៅពេលអនាគត។

សូមបញ្ចាក់ថា៖ តាមរយៈសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកលើកទី ៥ នៅសិង្ហបុរីនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្ត ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីដោះស្រាយភាពប្រឈមសន្តិសុខរួម សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជនក្នុងតំបន់នេះ។

ចុងបញ្ចប់កិច្ចប្រជុំ លោក អ៊ឹង អេងហែន រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី បានប្រគល់តួនាទីប្រធានកិច្ចប្រជុំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទៅឱ្យរដ្ឋមន្ត្រីការពារជាតិថៃ ដែលប្រទេសថៃត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០១៩ ខាងមុខនេះ៕