(ឧត្តរមានជ័យ)៖ សហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ដែលជាសហគមន៍ធ្វើសកម្មភាពការពារព្រៃឈើទំហំជាង ៤ពាន់ហិកតាស្ថិតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអំពាវនាវសុំរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយការពារដីព្រៃសហគមន៍របស់ពួកគេ បន្ទាប់ពីមានការសង្ស័យថា អាជ្ញាធរក្នុងស្រុកអន្លង់វែងកំពុងឃុបឃិតជាមួយឈ្មួញអ្នកមានលុយឈូសឆាយដីសហគមន៍នោះទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោក ស៊ត់ ពេក ប្រធានសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ដែលបង្កើតឡើងតាំងពីឆ្នាំ២០០២មកនោះ បានរៀបរាប់ប្រាប់ Fresh News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះថា ដីព្រៃសហគមន៍ប្រមាណ ៤ពាន់ហិកតាដែលមានទីតាំងដូចបញ្ជាក់ខាងលើ ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិនោះរួមគ្នាការពារតាំងពីឆ្នាំ២០០២មកម្ល៉េះ។ ដោយសារតែព្រៃនោះជាកន្លែងផ្តល់អនុផលផ្សេងៗសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងមួយវិញទៀតចង់ថែរក្សាការពារសត្វព្រៃកម្រៗជាច្រើន ដែលកំពុងរស់នៅក្នុងព្រៃនោះផងដែរ។

ប្រធានសហគមន៍រូបនេះបានបន្តអះអាងថា ស្រាប់តែនៅពេលថ្មីៗនេះ អាជ្ញាធរស្រុកអន្លង់វែង បានស្នើមកសហគមន៍សុំដីទំហំប្រមាណ ២០ហិកតា ដើម្បីសាងសង់សាលារៀន មន្ទីរពេទ្យ និងធ្វើវត្តអារាមជាដើម ព្រោះថាតំបន់នោះគ្រោងបង្កើតជាប្រព័ន្ធរដ្ឋបាលឃុំថ្មី។

ដោយយោងលើហេតុផលថាយកទៅបម្រើប្រយោជន៍សាធារណៈប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏មិនបានហាមឃាត់អ្វីនោះដែរ។ ប៉ុន្តែពេលអាជ្ញាធរដាក់ត្រាក់ទ័រចុះមកឈូសឆាយ ហើយប្រជាសហគមន៍ទៅសួរនាំរកឯកសារផ្សេងៗស្រាប់តែមិនឃើញបង្ហាញនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ត់ ពេក។

លោក ស៊ត់ ពេក បានបញ្ជាក់ទៀតថា ក្រោយពេលរកមិនឃើញមានឯកសារពាក់ព័ន្ធដែលអនុញ្ញាតពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសពីខាងសាលាខេត្តនោះ បងប្អូនប្រជាក៏បានហាមឃាត់មិនឲ្យមានការឈូសឆាយបន្តទៀតនោះឡើយ។

បន្ទាប់ពីរកមិនឃើញមានឯកសារបញ្ជាក់ផ្សេងៗនេះ បានធ្វើឲ្យប្រជាសហគមន៍មានការសង្ស័យថា អាជ្ញាធរស្រុកអន្លង់វែង ដែលមានលោក ហោ​ ជិនវិរៈយុទ្ធ ជាអភិបាលស្រុកនោះ កំពុងតែមានគម្រោងឃុបឃិតជាមួយឈ្មួញមានលុយ ដើម្បីលេបយកដីនោះទៅធ្វើជាកម្មសិទ្ធិរបស់ពួកគេ។

ពាក់ព័ន្ធនឹងបញ្ហានេះអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានអះអាងប្រាប់ Fresh News ថា លោកទទួលបានព័ត៌មានមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ដោយកំពុងឲ្យមន្ត្រីជំនាញស្រាវជ្រាវបន្ថែមលើបញ្ហានេះ។ តែទោះជាយ៉ាងណាលោកអភិបាលខេត្តបានអះអាងថា មិនទាន់មានការអនុញ្ញាតណាមួយពីក្រសួងមហាផ្ទៃឲ្យមានការសិក្សាបង្កើតតំបន់នោះទៅរដ្ឋបាលឃុំថ្មី នៅក្នុងស្រុកអន្លង់វែងនៅឡើយនោះទេ ដោយគ្រាន់តែឲ្យមានការសិក្សាពីការបែងចែកព្រំប្រទល់តែប៉ុណ្ណោះ។

បើដូចអ្វីដែលលោកអភិបាលខេត្ត បានអះអាងមែននោះ មានន័យថា អភិបាលស្រុកអន្លង់វែង លោក ហោ​ ជិនវិរៈយុទ្ធ កំពុងតែអនុវត្តន៍ហួសដែនសមត្ថកិច្ចរបស់ខ្លួនហើយ ព្រោះសូម្បីតែអភិបាលមិនទាន់បានជ្រាបពីរឿងបង្កើតឃុំថ្មីផង ហេតុអ្វីក៏លោកអភិបាលស្រុកឈានទៅឈូសឆាយដី ដើម្បីយកធ្វើជាទីតាំងបង្កើតរដ្ឋបាលឃុំ? ឬមួយលោកអភិបាលស្រុក ពិតជាកំពុងត្រូវរ៉ូវគ្នាជាឈ្មួញយកដីនេះជាកម្មសិទ្ធិផ្ទាល់ខ្លួនដូចការសង្ស័យរបស់ប្រជាសហគមន៍មែន?

បើទោះបីយ៉ាងណាលោកអភិបាលខេត្ត ស ថាវី បានអះអាងថា លោកនឹងប្រឹងប្រែងស្រាវជ្រាវឲ្យបានច្បាស់ទៅលើបញ្ហានេះ។ ទន្ទឹមគ្នានេះបងប្អូនប្រជាសហគមន៍ ក៏បានអំពាវនាវសូមឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយចាត់វិធានការការពារដីព្រៃសហគមន៍មួយនេះ ព្រោះវាសារៈសំខាន់សម្រាប់ប្រជាសហគមន៍ស្វែងរកអនុផលព្រៃឈើមកទ្រទ្រង់ជីវភាព ហើយក៏ជាដែនជម្រកសត្វព្រៃតំបន់នោះដ៏សំខាន់ផងដែរ។

ប្រជាសហគមន៍បានអះអាងថា ពួកគេមិនរារាំងអាជ្ញាធរនោះឡើយ ប្រសិនបើដីនេះពិតជាយកទៅបម្រើប្រយោជន៍សាធារណៈមែននោះ ប៉ុន្តែអ្វីដែលពួកគាត់ព្រួយបារម្ភនោះ គឺខ្លាចដីនេះត្រូវបានយកទៅបម្រើជាប្រយោជន៍របស់បុគ្គលមានលុយ និងអំណាច។

លោក ស៊ត់ ពេក បានអះអាងថា ប្រជាពលរដ្ឋនៅក្នុងឃុំអន្លង់វែង បានប្រឹងប្រែងរួមគ្នាការពារព្រៃសហគមន៍ខាងលើតាំងពីឆ្នាំ២០០២មកម្ល៉េះ ហើយដីព្រៃនេះមានសត្វព្រៃកម្រជាច្រើនថែមទៀតផង។ ដីព្រៃសហគមន៍ក៏នៅទល់មុខគ្នានឹងដីព្រៃអភិរក្សរបស់ក្រសួងបរិស្ថានផងដែរ៕