(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបក្រុមមេក្លោងជួញដូរគ្រឿងញៀនចំនួន៣នាក់ និងរឹបអូសថ្នាំញៀនប្រភេទម៉ាទឹកកកជិតកន្លះគីឡូក្រាម។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ម៉ន វុធី អធិការរងទទួលផែនគ្រឿងញៀន។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំមកអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំរឿងបញ្ជូនទៅកាន់តុលាការ៕