(តួកគី)៖ ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅប្រទេសលើកទី១២ នៅប្រទេសប៊ែលហ្សិក នៅរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅដល់ទីក្រុងអីស្តានប៊ុល ប្រទេសតួកគីដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

ថ្នាក់ដឹកនាំដែលអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

នៅទីក្រុងអ៊ីស្តង់ប៊ុល សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបប្រជុំទ្វេភាគីជាមួយ លោក រ៉េជីប ថាយយ៉ីប អ៊ែរឌូហ្គាន់ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលនៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរនឹងពិភាក្សាផ្លាស់ប្តូរទស្សនៈ គ្នាសំដៅស្វែងរកលទ្ធភាពពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀង/អនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន ក៏ត្រូវបានគ្រោងនឹងចុះហត្ថលេខាផងដែរ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវប្បធម៌ អប់រំ កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍ វិនិយោគ និងសកម្មភាពកំចាត់មីន។ នៅក្នុងអំឡុងពេលស្នាក់ នៅទីក្រុងអ៊ីស្តង់ប៊ុល សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ប៊ីណាលី យីលឌីរីម ប្រធានរដ្ឋសភាតួកគី។

សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ក្នុងគោលបំណងលើកទឹកចិត្តធុរជនតួកគី មកវិនិយោគនៅកម្ពុជា។

គួររំលឹកថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ផងដែរ។ ប្រទេសទាំងពីរ ប្តេជ្ញានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់ចំនួន៥០០លានដុល្លារអាមេរិក ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

នៅក្រៅទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងទទួលជួបសិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសតួកគី ព្រមទាំងអញ្ជើញទស្សនាទីកន្លែងប្រវត្តិសាស្រ្តមួយចំនួនផងដែរ៕