(កំពង់ឆ្នាំង)៖ អំពើឃាតកម្មសម្លាប់ បងប្អូនស្រីបង្កើត២នាក់ យ៉ាងសាហាវឃោរឃៅ និងធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម ​Facebook ស្ថិតនៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នោះ សមត្ថកិច្ចនគរបាល បានហៅមនុស្ស៣នាក់យកទៅសួរនាំ តាំងពីថ្ងៃម្សិលមិញ រហូតមកដល់ល្ងាចថ្ងៃនេះ ពុំទាន់អនុញ្ញាតឲ្យត្រឡប់ទៅវិញនោះទេ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយមានអំពើឃាតកម្ម នេះកើតឡើង នគរបាលរបស់លោក បានឃាត់ខ្លួនមនុស្ស៣នាក់ ពីរនាក់ជាឪពុកមា និងម្ដាយមីងហើយម្នាក់ទៀត គឺជាអ្នកជិតខាងយកមកសួរនាំ​ ប៉ុន្ដែមិនទាន់អាចបញ្ជាក់ថា ពួកគេគឺជាអ្នកពាក់ព័ន្ធ ឬជនដៃដល់នៃការសម្លាប់ក្មេងស្រីរងគ្រោះទាំងពីរនាក់នោះឡើយ ក៏ព្រោះតែពួកគេមិនបានសារភាព។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មនុស្សទាំង៣នាក់នេះ ពុំទាន់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញនៅឡើយទេ ដោយរង់ចាំការសួរនាំបន្ដទៀត។

សូមបញ្ជាក់ថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ​ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

​សេចក្ដីរាយការណ៍ពីមូលដ្ឋាន ដែលដកស្រង់សម្ដីរបស់ពូជនរងគ្រោះ បានឲ្យដឹងថា ​​ជាធម្មតាក្មេងស្រីទាំងពីរ ​​ជារៀងរាល់ព្រឹកតែងតែទៅផ្ទះរបស់គាត់ ហូបបាយហូបទឹក និងយកគោទៅចងឲ្យ ស៊ីស្មៅជាធម្មតា ចំឡែកព្រឹកថ្ងៃកើត​ហេតុ ​មិនបានឃើញក្មេងស្រីទាំងពីរនោក់នោះ សាច់ញាតិក៏បាននំាគ្នា ដើររកគ្រប់ទីកន្លែង តែរកមិនឃើញ រហូតដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ពូជនរងគ្រោះបានឡើងលើផ្ទះ ជន​រងគ្រោះ និងបានបើកកេស​មើល ក៏ប្រទះឃើញសពក្មេងស្រីទាំងពីរ​ដេកស្លាប់នៅក្នុងកេស​នោះ ទើបពូជនរងគ្រោះលើកចេញពីក្នុងកេសមកដាក់នៅក្រៅ និងបានប្តឹងដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង​។

ក្រោយការពិនិត្យកោសល្យវិច្ច័យ សមត្ថកិច្ចបញ្ជាក់ថា សពពិតជាត្រូវបានឃាតក​​សម្លាប់ និងយកទៅដាក់ក្នុង​កេសដាក់ខោអាវ ពិតប្រាកដមែន។ ជនរងគ្រោះទាំងពីរ ទី១៖ឈ្មោះ អ៊ុល លក្ខណា អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ៊ុល ធីតា អាយុ៧ឆ្នាំ​។ អ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ៕