(កំពត)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តកំពត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បានចេញជូនដំណឹងពីការបើកទ្វារទឹក ក្នុងអាងទំបន់វារីអគ្គិសនីកំចាយ ដើម្បីរំដោះទឹកជាបណ្ដើរៗ ចេញពីតំបន់វារីអគ្គិសនី ដែលនឹងឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋនៅស្រុកមួយចំនួន ដែលនៅអមសងខាងដកព្រែកកំពង់បាយ។

ការសម្រេចបើកទ្វារទឹកនេះ ដោយសារតែស្ថានភាពទឹកក្នុងអាងទំបន់វារីអគ្គិសនីកំចាយ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២០ ខែតុលានេះ មានកម្ពស់១៤៦.៩៥ម៉ែត្រ ទឹកហូរចូលអាងមានចំនួន ៦,៦០០ម៉ែត្រគូប ក្នុងមួយវិនាទី ក៏ព្រោះតែជំនន់ទឹកភ្លៀងដែលធ្លាក់មកពីតំបន់ទឹកធ្លាក់តាដា។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តកំពត បានអំពាវនាវដល់អាជ្ញាធរភូមិឃុំស្រុក បង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈធ្វើការជម្លៀសប្រជាពលរដ្ឋនៅកាន់ទីទួលមានសុវត្ថិភាព ក្នុងករណីគ្រោះអាសន្នកើតមានឡើង និងសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។

តែបន្ថែមពីលើសេចក្ដីជូនដំណឹងរបស់ខ្លួន អភិបាលខេត្តកំពត លោក ជាវ តាយ បានបញ្ជាក់ដោយអំពាវនាវជូនប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការព្រួយបារម្ភខ្លាំង ដោយសារតែកម្ពស់ទឹក មានការស្រកចុះយ៉ាងច្រើន ជាពិសេសនៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត។

អភិបាលខេត្ត បានបញ្ជាក់ថា ដោយសារតែភ្លៀងធ្លាក់ច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទើបធ្វើឲ្យកម្ពស់ទឹកក្នុងទំបន់វារីអគ្គិសនីកើនឡើង ប៉ុន្ដែមិនដល់ថ្នាក់ការគំរាមកំហែងខ្លាំងនោះទេ ពោលកម្ពស់ទឹក១៥២ម៉ែត្រ គឺជាកម្រិតធ្ងន់ធ្ងរ ខណៈដែលគិតត្រឹមថ្ងៃនេះ កម្ពស់ទឹកមានចន្លោះពី១៤៦ ទៅ១៤៧ម៉ែត្រតែប៉ុណ្ណោះ។

បើតាមលោកអភិបាលខេត្ត កម្ពស់ទឹកត្រឹម១៤៨ម៉ែត្រ លោកនឹងបញ្ជាឲ្យបើកទ្វារទឹក បន្ដិចម្ដងៗ ដើម្បីរំដោះការជន់លិចនៅផ្នែកខាងលើ៕